កងទ័ពជើងទឹកប្រេស៊ីលបាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១២នាក់ពីការបាក់ស្ពាននៅភាគខាងជើងប្រទេសប្រេស៊ីល កាលពីថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីសាកសព ២នាក់ទៀតត្រូវបានរកឃើញក្នុងទន្លេ Tocantins ។
មនុស្សចំនួន ៥នាក់នៅតែបាត់ខ្លួនចាប់តាំងពីឧបទ្ទវហេតុបានកើតឡើងនៅលើស្ពាន Juscelino Kubitschek de Oliveira តាមបណ្តោយផ្លូវហាយវេដែលតភ្ជាប់រដ្ឋ Tocantins និងរដ្ឋ Maranhao ។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយពីសារព័ត៌មានរដ្ឋ Agencia Brasil បានឲ្យដឹងថា អ្នកមុជទឹករបស់កងទ័ពជើងទឹកបន្តស្វែងរកជនរងគ្រោះ ដោយមានជំនួយពីប៉ូលិស និងអ្នកពន្លត់អគ្គិភ័យ។
យ៉ាងហោចណាស់មានយានជំនិះចំនួន ១០គ្រឿង រួមទាំងរថយន្តចំនួន ៣គ្រឿងដែលផ្ទុកថ្នាំសម្លាប់សត្វល្អិត ២៥,០០០លីត្រ និងអាស៊ីតស៊ុលហ្វួរីក ៧៦តោន បានធ្លាក់ចូលទៅក្នុងទន្លេ នៅពេលដែលស្ពានបាក់។
ទីភ្នាក់ងារជាតិទឹកបាននិយាយថា ការធ្វើតេស្តសំណាកទឹករបស់ពួកគេបង្ហាញថា មិនមានសារធាតុគីមីហៀរចូលទៅក្នុងទឹកនោះទេ។ អគ្គនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាតិបានបើកការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះ៕
ប្រភព៖ ក្រសួងព័ត៌មាន