បឹងទន្លេសាបរបស់កម្ពុជាបានផ្ដល់អត្ថយោជន៍ដ៏មហាសាលដល់សេដ្ឋកិច្ច។ក្នុងមួយឆ្នាំៗ កម្ពុជាអាចទាញប្រយោជន៍ពីបឹងទន្លេសាបក្នុងទំហំទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារអាមេរិក តាមរយៈផលត្រី ការដឹកជញ្ជូន និងទេសចរណ៍ជាដើម។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ទន្លេសាប បានផ្តល់ជាថវិកាដល់កម្ពុជាប្រមាណ ២ ពាន់ លានដុល្លារក្នុងមួយឆ្នាំ តាមរយៈផលត្រី និងការដឹកជញ្ជូនតាមផ្លូវទឹក ដូច្នេះហើយទើបរាជរដ្ឋាភិបាលត្រូវប្ដេជ្ញាថែរក្សាអាយុជីវិតបឹងទន្លេសាបឱ្យខាងតែបាន ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា «រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យដីបឹងទន្លេសាបសម្រាប់បង្កបង្កើនផលស្រូវបន្ថែមទៀតទេ គឺឱ្យធ្វើស្រែលើដីដែលបានកំណត់រួចប៉ុណ្ណោះ ហើយបើកាលណាធ្វើស្រែលើដីបឹងទន្លេសាបបន្ថែមទៀត នឹងធ្វើឱ្យបាត់បង់ព្រៃលិចទឹកដែលជាជម្រករបស់សត្វត្រី ។ម្យ៉ាងវិញទៀត បើសិនជាកាលណាពលរដ្ឋចេះតែធ្វើស្រែលើតំបន់ព្រៃលិចទឹក នឹងធ្វើឱ្យដីភក់របស់បឹងទន្លេសាបក្លាយជាដីខ្សាច់ ហើយនឹងធ្វើឱ្យបឹងទន្លេសាបខ្សោះជីវជាតិលែងមានដីភក់មានតែដីខ្សាច់ ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវថ្នមបឹងទន្លេសាបឱ្យនៅគង់វង្សជានិរន្តរ៍ »។
បើតាមឯកឧត្តមឧបនាយកនាយករដ្ឋមន្ត្រី បានផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់បឹងទន្លេសាប ។ បឹងទន្លេសាបចាត់ទុកជាអរិយធម៌របស់ខ្មែរមួយ ហើយបើសិនជាបាត់បង់បឹងទន្លេសាប ឬធ្វើឱ្យបឹងទន្លេសាបក្លាយជាបឹងគ្មានជីវជាតិ គឺដូចទៅនឹងការបាត់បង់អរិយធម៌របស់ខ្មែរមួយផងដែរ ។ដូច្នេះហើយទើបក្រសួងបានដោះស្រាយបញ្ចប់បញ្ហាបឹងទន្លេសាប ដោយបានចុះបញ្ជីដីបឹងទន្លេសាប ការពារការវាទទី ឬឈ្លានពានយកដីបឹងទន្លេសាបបន្តទៀត ។
ក្នុងបទអន្តរាគមន៍ស្ដីពីការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាបរបស់ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះដែរថា បឹងទន្លេសាប គឺជាបឹងធម្មជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានប្រព័ន្ធអេកូឡូស៊ីច្រើនប្រភេទ ដូចជាតំបន់វាលលំហទឹកសាប វាលភក់ ព្រៃលិចទឹក វាលស្មៅលិចទឹក និងតំបន់ទំនាបទឹកនៅជុំវិញ ។
បឹងទន្លេសាបដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សារបបទឹក លំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ សម្បូរទៅដោយជីវចម្រុះ និងធនធានធម្មជាតិសម្បូរបែប ជាពិសេសព្រៃលិចទឹក ដែលជាជម្រកត្រីពង ព្រមទាំងផ្ដល់នូវតម្លៃសេដ្ឋ។
បើតាមបទអន្តរាគមន៍ដដែលតំបន់ទន្លេសាបចាប់គិតពីផ្លូវជាតិលេខ៥ និងលេខ៦ ចុះទៅបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៦ រួមមានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយត្រូវបែងចែកជា ៣តំបន់ ។ តំបន់១ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដែលអាចមានសិទ្ធិជាកម្មសិទ្ធិជូនប្រជាពលរដ្ឋបាន ។ តំបន់២ ជាតំបន់ទ្រនាប់ ដែលស្ថិតនៅចន្លោះរវាងតំបន់១ និងតំបន់៣ ដោយតំបន់នេះអាចផ្ដល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារយូរយារមកហើយ ។ ចំណែកតំបន់៣ ជាតំបន់ព្រៃលិចទឹក ដែលត្រូវធ្វើការអភិរក្ស ហាមប៉ះពាល់ដាច់ខាត ។ តំបន់៣ មានទំហំជាង៦៤ម៉ឺនហិកតា ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១១ ។ដោយឡែកតំបន់១ មានទំហំ ៣៩ម៉ឺនហិកតា និងតំបន់២ មានទំហំប្រមាណ៣៧ម៉ឺនហិកតា ៕
ប្រភព៖ ក្រសួងព័ត៌មាន