រដូវវស្សាក្នុងឆ្នាំ២០២៤កន្លងនេះ ត្រូវជាឆ្នាំរោងប៉ុន្តែបរិមាណទឹកមិនធំដូចទំលាប់ពីដូនតានោះទេ។ នៅក្នុងអំឡុងពេលត្រូវត្រីផ្អកប្រហុកនៅខែមករានេះ មន្ត្រីជលផលបានរំលឹកអោយដឹងថា កាលពីខែមករា ឆ្នាំ២០២២ ប្រជានេសាទ ប្រមូលផលត្រីប្រហុក ផ្អកបានប្រមាណ ១៣០០០តោន ។ ហើយកាលឆ្នាំ២០២៣កន្លងនេះ រដ្ឋបាលជលផល បានប្រកាសថា ទិន្នផលត្រីប្រហុកផ្អក កើនលើសឆ្នាំមុនប្រមាណ ៥ភាគរយ។
លោក ឈុន ហាំងតុង ប្រធានអង្គភាពនេសាទរដ្ឋកណ្តាលស្ទឹង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រចាំការនៅដាយត្រីលេខ១៣ ដែលជាដាយត្រីរបស់រដ្ឋ បានអោយដឹងថាកាលពីខ្នើត ខែមិគសិរ(ខែធ្នូ)ឆ្នាំ២០២៤កន្លងនេះ បរិមាណចាប់ត្រីបានកើនឡើងប្រមាណ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
យ៉ាងណាក៏ដោយ មន្ត្រីជលផលរំពឹងថា នៅខ្នើត លើកទី២ នៅក្នុងខែមករានេះទៀតផលត្រីសម្រាប់ ធ្វើប្រហុកផ្អកនឹងកើនឡើងទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង នោះទេ ត្រីនឹងបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន សម្រាប់ការធ្វើផ្អកប្រហុក។
សូមបញ្ជាក់ថា នៅរដូវត្រូវត្រីល្អិតនេះ ប្រជាពលរដ្ឋខ្មែរមានប្រពៃណីធ្វើប្រហុក ផ្អក ត្រីឆ្អើរ សម្រាប់ទុក បរិភោគជាលក្ខណៈគ្រួសារ និងសម្រាប់លក់ដូរជាដើម ។
សូមរំលឹកថា កាលពីឆ្នាំ ២០២៣ ការប្រមូលផលត្រីទឹកសាបសរុបសម្រេចបានជាង ៤២ ម៉ឺនតោន មានការកើនឡើង ៥ភាគរយ អាស្រ័យដោយការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបានច្រើន នាពេលកន្លងមកនេះ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ធ្នូឆ្នាំ២០២៤ បានវាយតម្លៃខ្ពស់ នូវកិច្ចខិតខំប្រឹងប្រែង លើការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីគោលនយោបាយ អាទិភាពក្នុងវិស័យកសិកម្មក្នុង ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត៕
ប្រភព៖ ក្រសួងព័ត៌មាន