ការដឹកជញ្ជូនជំនួយសង្គ្រោះបន្ទាន់បានចេញដំណើរពីទីក្រុងសិនជិន ភាគខាងត្បូងប្រទេសចិន ទៅកាន់ទីក្រុង Port Vila ប្រទេសវ៉ានូអាទូ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ជើងហោះហើរដែលដឹកសម្ភារៈសំខាន់ៗរួមមានតង់ គ្រែបត់ ឧបករណ៍បន្សុទ្ធទឹក ចង្កៀងថាមពលពន្លឺព្រះអាទិត្យ អាហារ និងសម្ភារពេទ្យ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Shenzhen Baoan នៅម៉ោង ៧:១៨នាទីយប់ (ម៉ោងនៅទីក្រុងប៉េកាំង)។ ជើងហោះហើរនេះត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុង Port Vila នៅម៉ោង ៤:៤៥នាទី។
គ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ បានវាយប្រហារទីក្រុង Port Vila កាលពីថ្ងៃទី ១៧ ខែធ្នូ បណ្តាលឲ្យមនុស្សស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ លោក លី មីង (Li Ming) អ្នកនាំពាក្យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិនបានប្រកាសកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១លានដុល្លារអាម៉េរិកដល់ប្រទេសវ៉ានូអាទូ ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយថា តាមសំណើរបស់រដ្ឋាភិបាលវ៉ានូអាទូ ប្រទេសចិនបានបញ្ជូនអ្នកជំនាញផ្នែកវិស្វកម្មចំនួន ៤នាក់ ដើម្បីជួយដល់ការឆ្លើយតបក្រោយការរញ្ជួយដីនៅក្នុងប្រទេស។ លោកស្រី ម៉ៅ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «នេះគឺជាលើកទីមួយហើយដែលប្រទេសចិនបានបញ្ជូនក្រុមវាយតម្លៃក្រោយគ្រោះមហន្តរាយទៅកាន់ប្រទេសនេះ ជាមួយនឹងក្តីសង្ឃឹមក្នុងការរួមចំណែកដល់ការកសាងឡើងវិញរបស់ប្រទេសវ៉ានូអាទូ»៕
ប្រភព៖ ក្រសួងព័ត៌មាន