សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក បាសេម ណាអ៊ីម (Basem Naim) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik) ថា ប្រទេសអ៊ីស្រាអែលបានបដិសេធមិនផ្តល់ផែនទីសម្រាប់ការដកទ័ពចេញពីតំបន់ហ្គាហ្សាស្ទ្រីប និងការប្តេជ្ញាចិត្តដើម្បីបញ្ចប់ជម្លោះនោះទេ។
លោក ណាអ៊ីម បាននិយាយថា «លើកនេះ សត្រូវ [អ៊ីស្រាអែល] បដិសេធមិនផ្តល់ផែនទីនៃការដកទ័ពចេញច្បាស់លាស់ពីតំបន់ហ្កាហ្សាស្ទ្រីបទេ ពោលគឺមិនចង់បង្ហាញអំពីពេលវេលា និងទីកន្លែងនៃការដកទ័ពចេញនោះទេ»។ កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បាននិយាយថា អ៊ីស្រាអែលបានដាក់ចេញនូវលក្ខខណ្ឌថ្មី ទាក់ទងនឹងការដកទ័ពចេញពីតំបន់ហ្គាហ្សាស្ទ្រីប បទឈប់បាញ់គ្នា និងការដោះដូរអ្នកទោស។
សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានប្រាប់សារព័ត៌មានស្ពុតនីកថា ក្រុមហាម៉ាស់វាយតម្លៃខ្ពស់ចំពោះការថ្កោលទោសរបស់លោក ពូទីន ចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។
នៅពេលមុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា គោលដៅរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែសកម្មភាពរបស់ខ្លួនសមនឹងទទួលបានការថ្កោលទោស។ សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ លោក បាសេម ណាអ៊ីម (Basem Naim) បានប្រាប់សារព័ត៌មាន RIA Novosti ថា បញ្ហាអាវុធដែលជាកម្មសិទ្ធិរបស់ក្រុមប៉ាឡេស្ទីនមិនត្រូវបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចចរចា ស្តីពីបទឈប់បាញ់គ្នា និងការផ្លាស់ប្តូរអ្នកទោសនៅតំបន់ហ្គាហ្សាស្ទ្រីបទេ៕
ប្រភព៖ ក្រសួងព័ត៌មាន