នៅថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យលើប្រព័ន្ធរំដោះទឹក ពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ គណៈប្រតិភូ និងក្រុមការងារបច្ចេកទេសក៏បានចុះពិនិត្យស្ថានីយឧតុនិយមចាស់ៗ និងស្ថានីយជលសាស្រ្តមួយចំនួននៅតាមដងស្ទឹងព្រែកត្នោតមានដូចជា ស្ថានីយបូមទឹកស្វាយប្រវត្តិអន្លង់គង ស្ថានីយបូមទឹកសាក់សំពៅ តំបន់កំពង់ទួលទឹកថ្លា តំបន់រលាំងក្រើល តំបន់តំបន់រលាំងចក តំបន់រលាំងជ្រៃខាងត្បួង តំបន់ស្លាគូ និងតំបន់ក្បាលហុងស្ទឹងតូច។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យនាពេលនេះក្នុងគោលបំណងធ្វើការៀបចំឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់នូវប្រព័ន្ធគាំទ្រជើងក្រោមរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹកលើក្របខ័ណ្ឌទូទាំងប្រទេសដែលធានាដល់យន្តការផ្តល់ព៌តមានឱ្យបានជាដឹងមុន ពង្រឹងពង្រីកប្រសិទ្ធភាពធ្វើការព្យាករឱ្យបានត្រឹមត្រូវទាន់ពេលវេលា ពង្រឹងពង្រីកដែនគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយមសម្រាប់ជាប្រយោជន៍លើគ្រប់វិស័យ ឈានទៅធ្វើការកាត់បន្ថយនូវគ្រោះមហន្តរាយដែលកើតមានឡើងដោយសារជំនន់ និងគ្រោះរាំងស្ងួត៕
ប្រភព៖ ក្រសួងព័ត៌មាន