កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងរយៈពេលជិត១២ខែកន្លងមកនេះបានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣កន្លងមក។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។ សម្រាប់១២ខែនេះដែរ ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ តោន។ បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
បើតាមប្រធានសមាគមរូបនេះបានឱ្យដឹងបន្ថែមថា មកដល់ពេលនេះគ្រាប់ស្វាយចន្ទីដែល បានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្មមានចំនួន៤ប្រភេទ ដូចជា M-23 ពូជ M-10 ពូជ IM-4 និងពូជ H-09។ ដោយឡែកបើយោងតាមសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជារកចំណូលបានប្រមាណ៨៣៧ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ៦៥៦០០ តោន។ ដោយឡែកឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៦៧ម៉ឺនតោន ដែលមានតម្លៃ១,០៧៧ ពាន់លានដុល្លារ ដោយទីផ្សារសំខាន់ៗមានប្រទេសវៀតណាម ជប៉ុន និងចិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំងប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេតឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា៕
ប្រភព៖ ក្រសួងព័ត៌មាន