ប្រទេសឥណ្ឌូណេស៊ីនឹងទទួលបានជំនួយពីរដ្ឋាភិបាលនៃប្រទេសកាតា និងទីក្រុងអាប៊ូដាប៊ីរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានចំនួន ៧លានខ្នងសម្រាប់ប្រជាជនរបស់ខ្លួន។ នេះបើយោងតាមប្រធានក្រុមកិច្ចការលំនៅដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ី លោក ហាស្ស៊ីម ឌីចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo)។
លោកបាននិយាយបន្ថែមថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម រដ្ឋាភិបាលទីក្រុងអាប៊ូដាប៊ីបានប្រកាសពីការត្រៀមខ្លួនក្នុងការជួយសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានមួយលានខ្នង។ ដោយមានការគាំទ្រពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ា គោលដៅអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់លំនៅដ្ឋានចំនួន ១៥លានខ្នងក្នុងរយៈពេល ៥ឆ្នាំនៃអាណត្តិរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) នឹងត្រូវសម្រេចបាន។
ប្រធានក្រុមការងាររូបនោះក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកណ្តាល និងអាជ្ញាធរមូលដ្ឋានក្នុងការផ្តល់លំនៅដ្ឋានសមរម្យជូនប្រជាពលរដ្ឋផងដែរ។ ពីមុន លោកប្រធានាធិបតី ប្រាបូវ៉ូ បានណែនាំសមាជិកគណៈរដ្ឋមន្ត្រីឱ្យខិតខំដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ភាពអនាធិបតេយ្យ ដើម្បីជួយដល់ប្រជាជនឱ្យមានស្ថេរភាពសម្រាប់ជីវភាពរស់នៅរបស់ពួកគេ។
អ្នកគ្មានផ្ទះសម្បែងនៅក្នុងទីក្រុងហ្សាកាតាក៏ត្រូវបានផ្តល់ជូនផងដែរនូវលំនៅដ្ឋានថ្មីនៅតំបន់តេហ្គាល់អាល័រ តំបន់ហ្លេមបូយ៉ាន់ តំបន់ដាន់ម៉ូហ្គោត និងតំបន់ហ្សាកាតាខាងលិច។ លោក ឌីចូចូហាឌីគូស៊ូម៉ូ បានលើកទឹកចិត្តដល់ប្រជាជននៅក្នុងតំបន់តាំងទីលំនៅថ្មីឱ្យរស់នៅដោយសុខដុមរមនាជាមួយគ្នា និងធ្វើការរួមគ្នាដើម្បីកសាងតំបន់លំនៅដ្ឋានគំរូសម្រាប់សហគមន៍ដែលមានភាពរុងរឿង៕
ប្រភព៖ ក្រសួងព័ត៌មាន