នារសៀលថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រារព្ធពិធីជួបជុំពិសាអាហារសាមគ្គីដើម្បី: ទី១. អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” និងខួបលើកទី២៦ នៃនយោបាយឈ្នះ-ឈ្នះ(២៩ ធ្នូ) និងទី២.អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងអំណរគុណចំពោះមន្ត្រីរាជការដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបម្រើជាតិ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់ ព្រមទាំងបានថ្លែងសារជូនពរជូនចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថា្នក់នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា ពិធីដ៏អធិកអធមនាថ្ងៃនេះ បានមកពីគុណបំណាច់នៃសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេងតាមរយៈការយកជីវិតធ្វើជាដើមទុនរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ដែលមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា ។
ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្ដមរដ្ឋមន្ត្រី និងមន្ត្រីរាជការបានប្តេជ្ញាចិត្តបន្តខិតខំបំពេញតួនាទីនិងភារកិច្ចយ៉ាងសកម្មបន្ថែមទៀតក្នុងការចូលរួមអភិវឌ្ឍតំបន់ជនបទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំបន្ដវេនដ៏ឆ្នើមប្រកបដោយបញ្ញាញាណ និងថាមវន្ដ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងត្រូវបន្ដចូលរួមថែរក្សាសុខសន្ដិភាពនេះ ឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ៕
ប្រភព៖ ក្រសួងព័ត៌មាន