ក្នុងអាណត្តិទី៧នៃ រដ្ឋសភា រាជរដ្ឋាភិបាលបានទទួលសំណើសុំ អន្តរាគមន៍ដោះស្រាយវិវាទពាក់ព័ន្ធដីធ្លី គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនករណី ហើយក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បានដោះស្រាយ វិវាទក្រៅប្រព័ន្ធជាបន្តបន្ទាប់ ជាមួយនឹងការទទួលបានលទ្ធផលផ្លែ ផ្កាគួរជាទីមោទន ខណៈ ភាគីទំនាស់ទាំងសង់ខាងក៏យល់ព្រម ទទួល យកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងដែនដីយ៉ាងរីករាយ។ ដឹងទេថា តើការដោះស្រាយវិវាទក្រៅប្រព័ន្ធនេះ មានអត្ថប្រយោជន៍អ្វីខ្លះ ?
យោងតាមរបាយការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញឱ្យដឹងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ភាគីនៃរឿងក្ដីក្នុងការសម្រេចជ្រើសរើសយន្តការនេះ ដោយក្នុងនោះ មានដូច ជា ការចំណាយសោហ៊ុយតិច និងពេលវេលាឆាប់រហ័ស ល្អជាងដំណើររឿងក្ដីតាមប្រព័ន្ធតុលាការ ដែលមាន ៣ថ្នាក់ និងដំណើរការជម្រះចុះ ឡើងអាចឈានដល់៥ដង លុះនៅពេលបានសេចក្ដីហើយ ត្រូវធ្វើការស្នើសុំអនុវត្តចេញជាសំណុំរឿងអនុវត្តបន្ថែមទៀត ។
អត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពីការដោះស្រាយក្រៅប្រព័ន្ធ តុលាការ ដូចជា ការទទួលបានដំណោះស្រាយ ទាំងអស់គ្នា ដែលជាចំណុចមួយដែលគូភាគីអាចទទួលយកបានទាំងអស់គ្នា ប្រសើរជាងការទទួលបានសេចក្ដីសម្រេចមួយដែលមានអ្នកឈ្នះក្ដី និងអ្នកចាញ់ក្ដី ។ ក្រៅពីនេះ គូភាគីក៏ទទួលបានដំណោះស្រាយឆាប់រហ័ស នីតិវិធី មិនមាន ភាពស្មុគស្មាញ ហើយគូភាគីនៅតែអាចរក្សាទំនាក់ទំនងល្អរវាងគ្នា និងគ្នា ហើយបញ្ចប់វិវាទដោយសន្តិវិធី ។
បើតាមរបាយការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ អាចធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គម តាមរយៈការព្យាយាមសម្រុះសម្រួល ផ្សះផ្សារ បញ្ចប់វិវាទក្រៅប្រព័ន្ធ ។ វាក៏បានជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាម មូលដ្ឋានផងដែរ ហើយក៏បានជួយបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់ តែកៀកនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។
អត្ថប្រយោជន៍សំខាន់មួយទៀតដែលទទួលបានពីការដោះស្រាយវិវាទក្រៅប្រព័ន្ធ គឺធានាបានដំណើរការឯកជនភាពនៃការដោះស្រាយ និងការអនុវត្តដំណោះស្រាយតាមលក្ខខណ្ឌព្រមព្រៀង និងបត់បែនតាមស្ថានភាពនៃរឿងក្ដី ។
បើតាមក្រុមមេធាវីស្ម័គ្រចិត្តរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមមេធាវីបានដោះស្រាយវិវាទក្រៅប្រព័ន្ធរហូតដល់៩ប្រភេទ ក្នុងនោះ មាន ១. ការស្នើសុំចុះបញ្ជីមានចំនួន៤ករណី ២.វិវាទឯកជន និងឯកជន, ៣. វិវាទឯកជន និងនីតិបុគ្គល មានចំនួន១២ករណី ៤. វិវាទឯកជន និងដីរដ្ឋ មានចំនួន១៧ករណី ៥. វិវាទទាក់ ទងនយោបាយ មាន៥ករណី ៦.កិច្ចការតុលាការមានចំនួន៧ករណី ៧.កិច្ចការថ្នាក់ក្រោមជាតិមាន៥ករណី ៨.ការសុំទប់ ស្កាត់ទ្រព្យ មានចំនួន៣ករណី និង៩ . វិវាទសំណង់មានចំនួន១០ករណី ។
យោងតាមប្រសាសន៍ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤នេះ គម្រោងអភិវឌ្ឍន៍ដែលមានបញ្ហាដាក់សំណើសុំអន្តរគមន៍មកកាន់ក្រសួង និងមានវិវាទទាំងដីធ្លី និងវិវាទពាក់ព័ន្ធនឹងអចលនទ្រព្យជាច្រើនទៀត ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោះស្រាយរួចរាល់ជាបន្តបន្ទាប់ និងកំពុងបន្តដោះស្រាយដើម្បីឈានដល់ការបញ្ចប់បញ្ហាទាំងស្រុង ។
ឯកឧត្តមបន្តថា ពាក់ព័ន្ធនឹងរឿងដីធ្លី នៅក្រសួងរៀបចំដែនដីមានករណីវិវាទរាប់ម៉ឺនករណី ប៉ុន្តែក្រុមការងារបានព្យាយាម ដោះស្រាយរហូតធ្លាក់មកនៅត្រឹមក្រោម១០០០ករណីទៀតប៉ុណ្ណោះ និងឈានដល់ការបញ្ចប់ទំនាស់ដីធ្លីទាំងស្រុងនៅពេល ឆាប់ៗនេះ ដើម្បីឱ្យសង្គមកម្ពុជាក្លាយជាសង្គមមួយដែលស្ងប់ស្ងាត់មិនមានវិវាទ មិនមានទំនាស់ ប្រកបដោយសន្តិភាព ប្រជាជលរដ្ឋរស់នៅសុខសាន្ត ៕
ប្រភព៖ ក្រសួងព័ត៌មាន