ក្រោមទុនវិនិយោគប្រមាណជាង៥០០លានដុល្លារអាមេរិក គម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort នៅខេត្តព្រះសីហនុ គិតត្រឹមខែធ្នូនេះសម្រេចការសាងសង់ប្រមាណ១៣ភាគរយហើយ ។ទន្ទឹមនេះគម្រោងនឹងត្រូវដាក់ទុនវិនិយោគរហូតដល់៣០០លានដុល្លារបន្ថែមទៀត ។
លោក សេង អៀក ប្រធានរដ្ឋបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort បានប្រាប់បណ្ដាញសារព័ត៌មានថា រហូតមកដល់ខែធ្នូនេះ គម្រោងសាងសង់សណ្ឋាគារផ្កាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រេចបានប្រមាណ១៣ភាគរយហើយ និងកំពុងអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ។
គម្រោងដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៨ខាងមុខ ដោយបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់បាន និងកំពុងពន្លឿនការសាងសង់ ដើម្បីឱ្យចប់ទៅតាមផែនការ ដោយបានប្រើប្រាស់កម្លាំងពលកម្មសរុបក្នុងការដ្ឋានប្រមាណ ១០០០នាក់ មកពីចម្រុះជាតិសាសន៍ ដូចជា ចិន ខ្មែរ នេប៉ាល់ និងបង់ក្លាដេស ជាដើម។នេះបើតាមលោក សេង អៀក បញ្ជាក់។
នៅក្នុងគម្រោងនេះ មានដូចជាសណ្ឋាគារផ្កាយ៥ មជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនប្រភេទ និងផ្សារទំនើប ។លោក សេង អៀក បន្តថា ដោយសារតែការសាងសង់គម្រោងនេះកាន់តែរីកធំជាងផែនការ ក្រុមហ៊ុនបានត្រៀមថវិកាបន្ថែមប្រមាណ៣០០លានដុល្លារ។ ដូច្នេះសរុបទឹកប្រាក់នៃការវិនិយោគលើគម្រោងនេះ អាចយ៉ាងហោចណាស់ក៏៨០០លានដុល្លារ។
ម្ចាស់គម្រោងមានសុទិដ្ឋិនិយមថា តាមរយៈគម្រោងនេះ នឹងជួយលើកមុខមាត់ខេត្តព្រះសីហនុបានមួយកម្រិតទៀត និងអាចជាសក្ដានុពលបន្ថែមសម្រាប់ទាក់ទាញការវិនិយោគពីបរទេសមកកាន់ប្រទេសកម្ពុជា និងជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង ។
បើតាម លោក សេង អៀក នៅពេលគម្រោងមួយនេះដាក់ឱ្យដំណើរការ អាចនឹងផ្ដល់ការងារដោយផ្ទាល់ប្រមាណ ៤ពាន់នាក់ និងដោយប្រយោលជាច្រើននាក់ ។
ពាក់ព័ន្ធនឹងគម្រោងដ៏ធំមួយនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ទៅកាន់តំណាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកាលពីសប្ដាហ៍មុនថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ត្រូវបានលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល ដូច្នេះ បើសិនជាក្រុមហ៊ុនមានអ្វីចង់សំណូមពរដល់រាជរដ្ឋាភិបាល ក្រុមហ៊ុនអាចទាក់ទងទៅកាន់រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីរកដំណោះស្រាយ ។
ចំណែកឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃក្រុមការងារបចេ្ចកទេសអន្តរក្រសួង ដើម្បីរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ឯកឧត្តមបន្តថា ក្នុងផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុរយៈពេល១៥ឆ្នាំខាងមុខ រំពឹងថានឹងទទួលបានទឹកប្រាក់វិនិយោគប្រមាណ២០ពាន់លានដុល្លារហើយនឹងជួយជំរុញឱ្យខេត្តព្រះសីហនុកាន់តែរីកចម្រើន កាន់តែមានសក្ដានុពល និងជាពិសេស ជួយផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន