នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុង “ពីធីចែកវិញ្ញាបនបត្រចុះបញ្ជីម៉ាកជូនសហគ្រិនមានពិការភាព” ដែលមានការអញ្ជើញចូលរួមពី តំណាងស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) មន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសអូស្រា្តលី និងនូវែលហ្សេឡង់ ដែលបានជួយគាំទ្រសម្រាប់ការអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” នេះ ដែលជាផ្នែកមួយនៃការទាញយកអត្ថប្រយោជន៍របស់កម្ពុជាពីកិច្ចព្រមព្រៀងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់ (ANNZFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បន្តថា នៅក្នុងសង្គមឌីជីថលបច្ចុប្បន្ននេះ កម្មសិទ្ធិបញ្ញា បាននឹងកំពុងដើរតួនាទីស្នូលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរហូតដល់ដំណើរការរបស់ក្រុមហ៊ុន/សហគ្រាស ឬដំណើរការផលិតកម្មនានា ដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សាបន្ថែមនិងប្រើប្រាស់នូវសិទ្ធិស្របច្បាប់ក្នុងការការពារនូវកម្មសិទ្ធិបញ្ញារបស់ខ្លួនតាមរយៈការចុះបញ្ជីការពារស្នាដៃរបស់ខ្លួន ឬការចុះបញ្ជីការពារលើម៉ាកពាណិជ្ជកម្មរបស់ខ្លួនជាដើម។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានជំរុញឱ្យសហគ្រិនមានពិការភាពទាំងអស់ ដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីម៉ាកនាថ្ងៃនេះ ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍផលិតផល ការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ផ្សព្វផ្សាយម៉ាកពាណិជ្ជកម្មរបស់ខ្លួន ការជំរុញ និងលើកកម្ពស់គុណភាពផលិតផល/សេវាកម្ម ការចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍នានា និង ការចូលរួមអនុវត្តនិងគោរពច្បាប់ក្នុងការធ្វើអាជីវកម្មផងដែរ។


.j.jpg)
.j.jpg)


.j.jpg)





.j.jpg)
ប្រភព៖ ក្រសួងព័ត៌មាន