កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ៣ ដែលមានទឹកប្រាក់សរុបចំនួន ១៨៣ លានអឺរ៉ូ ត្រូវជាប្រមាណ ១៩២,២ លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២ និង កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន ១ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Fabrice Etienne ភារធារីស្តីទីនៃទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងលោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំងនោះ រួមមាន ១. “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញអាងស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project)” មានទឹកប្រាក់ឥណទានចំនួន ៩១ លានអឺរ៉ូ ត្រូវជាប្រមាណ ៩៥,៦ លាន ដុល្លារអាម៉េរិក ។ គម្រោងនេះ មានគោលបំណង ១- ស្តារឡើងវិញស្ទឹងស្វាយចេក ស្តារអាងស្តុកទឹកចំនួន ២៨ កន្លែង បង្កើនសមត្ថភាពចំនួន ៥ កន្លែង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រចំនួន ៦កន្លែង ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ រាំងស្ងួត និងធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ២-គាំទ្រដល់ការអភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាពតាម រយៈការពង្រឹងមន្ត្រីកសិកម្មឃុំ (CAO) និងពង្រឹងសហករណ៍កសិកម្មទំនើប និង ៣- ពង្រឹងដល់ការគ្រប់គ្រងធនធាន ទឹកចម្រុះនៃអាងស្ទឹងស្វាយចេក តាមរយៈការបង្កើតគណៈកម្មការគ្រប់គ្រងអាងស្ទឹងស្វាយចេក និងរៀបចំយន្តការ តាមដាន វាយតម្លៃអំពីវិឌ្ឍភាពនៃការអនុវត្តយន្តការគ្រប់គ្រងអាងស្ទឹង។
២. “កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣ (Bakheng Water Supply Project Phase III, Credit No.2)” គឺជាកញ្ចប់ឥណទានទី ២ ដែលមានទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ ត្រូវជាប្រមាណ ៨៤ លានដុល្លារអាម៉េរិក។ កញ្ចប់ឥណទានទី ២ នេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវការផលិតទឹកស្អាតរោងចក្រជ្រោយចង្វារឱ្យបាន ១៣០,០០០ម៣ថ្ងៃបំពាក់បំពង់មេនាំទឹក និងពង្រីក ប្រព័ន្ធចែកចាយទឹកស្អាតចំនួន ៨០០ គីឡូម៉ែត្រ និងសាងសង់ទីស្នាក់ការកណ្តាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ៣. “កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១២ លានអឺរ៉ូ” ត្រូវជាប្រ មាណ ១២,៦ លានដុល្លារ អាម៉េរិក ពីសហភាពអឺរ៉ុប តាមរយៈ AFD សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន ទី៣។
ជំនួយបច្ចេកទេសនេះ ផ្តោតលើ៖ ១- ការកសាងសមត្ថភាពរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការជួយរៀបចំផែនការមេថ្នាក់ជាតិ សម្រាប់វិស័យទឹកស្អាត ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ គាំទ្រកំណែទម្រង់វិស័យទឹកស្អាត និងការបណ្តុះបណ្តាលផ្សេងៗ និង ២- ការកសាង សមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញលើការងារគ្រប់គ្រងអចលនទ្រព្យ ការងារគ្រប់គ្រងហានិភ័យ ការរៀបចំផែនការជំនួញ ការគ្រប់គ្រងទឹកបាត់បង់ និងការតបណ្តាញសម្រាប់ប្រជាពលរដ្ឋចំណូលទាប។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ បារាំង តាមរយៈ AFD និង សហភាពអឺរ៉ុប (EU) ។ គម្រោងទាំង ២ នេះ នឹងជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ចនៅកម្ពុជា ដែលឆ្លើយតបទៅនឹងអាទិភាពនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១” របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃ វិស័យដឹកជញ្ជូន និងវិស័យទឹកស្អាត និងការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ៕
ប្រភព៖ ក្រសួងព័ត៌មាន