ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ បានថ្លែងថា ទិវាសន្តិភាពនៅកម្ពុជា២៩ធ្នូ បានបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព និងចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជន។
ក្នុងកិច្ចសម្ភាសន៍ជាមួយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធខួប២៦ឆ្នាំទិវានយោបាឈ្នះ-ឈ្នះ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជាទិវាសន្តិភាពនូវកម្ពុជា ដែលមានសារៈសំខាន់ជាខ្លំាង ហើយជាកត្តា ដែលត្រូវមានការយល់ដឹងច្បាស់លាស់អំពីខ្លឹមសារនៃទិវានេះ។
ឯកឧត្តម បានបន្តថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាកាលបរិច្ឆេទមួយមានលក្ខណៈប្រវត្តិសាស្ត្រ ហើយដែលកំណត់ថា ជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិលទទួលបានសន្តិភាពពេញលេញដោយនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញនិងបានដឹកនាំដោយផ្ទាល់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រី ដ៏អស្ចារ្យរបស់ប្រជាជាតិកម្ពុជា។
ឯកឧត្តម បានបន្តទៀតថា ការកំណត់នូវកាលបរិច្ឆេទ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ពិតជាបានដឹងហើយថា មានភាពជាក់លាក់ច្បាស់លាស់ជាកាលបរិច្ឆេទបញ្ចប់សង្រ្គាម ដោយមានការចុះហត្ថលេខា ដោយសង្រ្គាមបានបញ្ចប់ហើយនៅកម្ពុជា ឱ្យមានការចូលរួមក្នុងការអភិវឌ្ឍជាតិ និងមានសារ:សំខាន់សម្រាប់អន្តរជាតិក្នុងការចូលរួមចំណែកក្នុងការការពារសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។
ឯកឧត្តម បានបញ្ជាក់ថា ទិវាសន្តិភាព មានការឈប់សម្រាកដោយមានអត្ថន័យជាក់លាក់មួយ ដែលបានបង្ហាញថា សង្រ្គាមបានចប់ហើយ ហើយដំណើរការពេញលេញនូវក្នុងការទទួលបាននូវសន្តិភាពនេះ សម្រាប់ការបំពេញភារកិច្ចអភិវឌ្ឍន៍ជាតិគ្រប់មជ្ឈដ្ឋានទាំងអស់។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេលចុងក្រោយកត្តា ដែលនាំឱ្យមានសន្តិភាពជាក់លាក់ពិតប្រាកដមានច្រើន ដែលត្រូវធានាឱ្យបាននូវការធ្វើមិនឱ្យមានលក្ខណ:ណាមួយបង្កឱ្យមានជាជម្លោះ សង្រ្គាម ដែលមានជាអាទិ៍ដូចជា កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមនុស្សមានចំណេះដឹងឆាប់ងាយជឿជាក់លើការបំផុសបំផុល និងកត្តាសណ្តាប់ធ្នាប់សង្គមជាដើម។
សូមបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺជាខួបលើកទី២៦ នៃទិវា“សន្តិភាពនៅកម្ពុជា” ២៩.ធ្នូ.១៩៩៨-២៩.ធ្នូ.២០២៤ ដែលពីមុនប្រសិទ្ធនាមថា ជាទិវានយោបាយឈ្នះៗរបស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំជា “ទិវាសន្តិភាពនៅកម្ពុជា” ជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព នឹងស្អប់ខ្ពើមសង្គ្រាម។ ការរៀបចំទិវា “សន្តិភាពនៅកម្ពុជា” នាឆ្នាំ២០២៤នេះ គឺជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខសោកលំបាកវេទនារបស់ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ ព្រមទាំងការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ឱ្យស្អប់ខ្ពើមនូវសង្គ្រាម ហើយក៏ជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ឱ្យយល់ដឹងច្បាស់អំពីគុណតម្លៃនៃសុខសន្តិភាព ហើយរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាពនៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព៕
ប្រភព៖ ក្រសួងព័ត៌មាន