សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ត្រូវការសារព័ត៌មាន ដែលមានថាមពលប្រកប ដោយការទទួលខុសត្រូវ និង មានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ និងអ្នកសារព័ត៌មាន ដែលហ៊ាននិយាយការ ពិតនិងហ៊ានរិះគន់ក្នុងន័យ ស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញ នូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការ ផ្សព្វផ្សាយ ព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ»។
តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនវេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា លើកទី២១ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចបវរធិបតី បានបញ្ជាក់ថា «យើងត្រូវការនូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា»។
សម្តេចបវរធិបតី បានបញ្ជាក់ថា សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបាននាពេលកន្លងមក គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន។ នេះគឺភាពជាដៃគូ ដែលមិនអាចខ្វះ បានរវាង រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន សារព័ត៌មាន។
សម្តេចបវរធិបតី អះអាងថា «ក្នុងដំណាក់កាលណា ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើង សិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន»៕
ប្រភព៖ ក្រសួងព័ត៌មាន