កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។
នៅក្នុងកិច្ចប្រជុំផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានជម្រាបជូន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុក ៥% ដែលបានរួមចំណែកប្រមាណ ៧២៨ លានដុល្លារដល់សេដ្ឋកិច្ចជាតិ។
មើមដំឡូងមីអាចត្រូវបានកែច្នៃទៅជាផលិតផលច្រើនប្រភេទ រួមមានម្សៅដំឡូងមី និងកែច្នៃបន្ត (reprocessing) ទៅជាផលិតផលចំណីអាហារ ដូចជានំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណីសត្វជាដើម។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសហព័ន្ធដំឡូងមីកម្ពុជា ចូលរួមផ្សព្វផ្សាយដល់ប្រជាកសិករដែលជាអ្នកដាំដំឡូងមីប្រមាណ ៩០.០០០ គ្រួសារនៅទូទាំងប្រទេស ស្វែងយល់ និងចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្នុងគោលដៅលើកកម្ពស់ភាពធន់ និងបរិយាបន្នសេដ្ឋកិច្ច៕
ប្រភព៖ ក្រសួងព័ត៌មាន