ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការ លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន អគ្គលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។ ពិធីនេះប្រារព្ធធ្វើឡើង នៅសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួន៩ គឺ (១)អនុក្រឹត្យស្តីពីការកែ ប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល (២) អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគបាលជាតិកម្ពុជា (៣)អនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ (៤)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ (៥)អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៦)អនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ (៧)អនុក្រឹត្យស្តីពីការកែសម្រួលនិងការដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអង្គភាពប្រឆាំងអំពើពុករលួយ (៨)អនុក្រឹត្យស្តីពីការកែប្រែនិងដំឡើងបច្ច័យនិច្ចភត្តប្រចាំខែជូនគ្រូពុទ្ធិកសិក្សានិងមន្រ្តីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ (៩)អនុក្រឹត្យស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។
ជាលទ្ធផលនៃកិច្ចប្រជុំ បានឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងអនុក្រឹត្យទាំង៩ខាងលើនេះ នឹងស្នើសុំឱ្យក្រសួង ស្ថាប័ន សហការជាមួយក្រសួងមុខងារសាធារណៈ ចាត់វិធានការរៀបចំការបើកប្រាក់បៀវត្សឱ្យបានទាន់ពេលវេលា៕
ប្រភព៖ ក្រសួងព័ត៌មាន