សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅលើផ្ទៃដីជាង២០០ហិកតារបស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងបានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងងើបឡើងវិញជាបណ្តើរៗហើយ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្តីសង្ឃឹមឆ្ពោះទៅរកការសម្រេចគោលដៅនៃការអភិវឌ្ឍប្រទេសកម្ពុជា ការគិតគូលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការងារមិនអាចខ្វះបាន។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងនាពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីឱ្យកម្ពុជាក្លាយជាអរិយប្រទេសដ៏ជឿនលឿន និងរុង រឿង ជាការចាំបាច់ដែលប្រជាជនយើងគ្រប់រូបត្រូវមានលំនៅដ្ឋានរស់នៅសមរម្យ ជាទ្រនំសុភមង្គលដែលជាបំណងប្រាថ្នារបស់ពលរដ្ឋទូទៅ ជាពិសេសស្រទាប់នៃយុវជននាពេលបច្ចុប្បន្ន ដោយយើងដឹង ថាការងារនេះគឺជាការងារឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋានរស់ នៅសមរម្យ។
សម្តេចជឿជាក់ថា គម្រោងទីក្រុងមេគង្គឃីនឹងរួមចំណេកក្នុងការបំពេញនូវក្តីប្រាថ្នារបស់ ប្រជាជនផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង ជារួមតាមរយៈការជួយបង្កើនសកម្មភាពសកម្មនៃវិស័យអចលនទ្រព្យ វិនិយោគ ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ក៏ដូចជាការជួយផ្សព្វផ្សាយវប្បធម៌ និងទេស ចរណ៍នៅកម្ពុជាយើងផងដែរ ដែលនៅក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្តឱ្យ ក្រុមហ៊ុនគិតគូឱ្យបានច្បាស់លាស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមមាន ការរៀបចំការ សាងសង់ច្រាំងទន្លេ ផ្លូវបើកបរយានជំនិះគ្រប់ប្រភេទ រួមទាំងរថយន្តក្រុង ផ្លូវថ្មើរជើង ផ្លូវជិះកង់ ផ្លូវ សម្រាប់រត់ហាត់ប្រាណតាមមាត់ទន្លេ កន្លែងកម្សាន្តសាធារណៈ កន្លែងហាត់ប្រាណ និងការរៀបចំជា សួនច្បារបៃតងតាមដងទន្លេ ក្នុងគោលបំណងលើកស្ទួយគុណភាពជីវិត ផាសុកភាព និងភាពស៊ីវិល័យ នៃការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសោភ័ណភាព ទស្សនីយភាព សុវត្ថិភាព បរិស្ថានល្អគួរឱ្យ រស់នៅ និងអាចបម្រើផលប្រយោជន៍សាធារណៈជារួមផង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពដែលបានកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានវិវឌ្ឍន៍យ៉ាង ខ្លាំងមិនត្រឹមតែក្នុងទិដ្ឋភាពនៃកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការប្រែប្រួលមុខមាត់នៃ សង្គមជាតិទាំងមូលផងដែរ ខណៈដែលកន្លងមកបរទេសជាច្រើនបានឭអំពីប្រទេសកម្ពុជាភាគច្រើនតែ ទៅលើទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ និងចម្ការមីនតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ន បរទេសដែលមកប្រទេសកម្ពុជាជាលើកដំបូងពួកគេតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីក ចម្រើន និងភាពទំនើបស៊ីវិល័យរបស់កម្ពុជាដែលខុសទាំងស្រុងពីអ្វីដែលពួកគេធ្លាប់បានឭ ហើយបរទេសដែលធ្លាប់បានមកលេងកម្ពុជាក៏មានការភ្ញាក់ផ្អើលដូចគ្នាជាមួយនឹងល្បឿននៃការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជាមិនថានៅក្នុងទីក្រុង ឬនៅតាមទីជនបទឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន