សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យនូវទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ដែលបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
តាមសេចក្តីសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៤ ខែធ្នូថ្មីៗនេះ បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាស៊ីជម្រៅអំពីការជំរុញ និងការគាំពារដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ច ពាណិជ្ជកម្មសេរី និងវិនិយោគ ដោយផ្អែកលើភាពខ្លាំងនៃប្រទេសនីមួយៗ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាមានសន្តិសុខស្បៀង ហើយបណ្តាប្រទេសជាមិត្តទាំង៤ មានសន្តិសុខថាមពល ធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងក៏អាចជាយន្តការរួមគ្នាសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកផងដែរ។
សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។
សម្តេចតេជោ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលបានចូលជាធរមាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ និងមានសក្តានុពលជាច្រើន សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ហើយ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើននិងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជា។
ភាគីទាំងអស់បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដទៃទៀតដែលមាន សក្តានុពលនិងផលប្រយោជន៍រួម ដូចជា អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះភាគីមិត្ត និងស្នើបន្តគាំទ្រលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្ដល់អាហារូបករណ៍ដល់យុវជនកម្ពុជា ព្រមទាំងជំនួយអភិវឌ្ឍន៍និង បច្ចេកទេសនានា៕
ប្រភព៖ ក្រសួងព័ត៌មាន