ក្រសួងពាណិជ្ជកម្មនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ក្រោមមូលបទនៃឆ្នាំ២០២៤៖ “យុគសម័យថ្មីនៃពាណិជ្ជកម្ម” ក្នុងគោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសវាកម្ម ដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក។
ពិព័រណ៍នេះ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពេលវេលា ម៉ោង១០:០០នាទីព្រឹក ដល់ម៉ោង០៨:០០នាទីយប់ នៅមជ្ឈមណ្ឌលភីអេច ហ្វ្រេនហល បុរីប៉េងហួត បឹងស្នើ រាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» គឺជាការជំរុញ សកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងជំរុញការនាំ ចេញ-នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងអ្នកតាំងពិព័រណ៍ក្នុងស្រុកនិងអន្តរជាតិ អ្នកទស្សនា ពិព័រណ៍ និងអ្នកចូលរួមពិព័រណ៍។ នៅក្នុងពិព័រណ៍នេះ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារសកល និងការតាំងបង្ហាញផលិតផលរបស់ដៃគូអន្តរជាតិរបស់យើងផងដែរ។
ដោយមានភាពជាដៃគូជាមួយក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម CTE ឆ្នាំ២០២៤នេះនឹងផ្សាភ្ជាប់ទំនាក់ទំនងអ្នកផលិតក្នុងស្រុកជាមួយអ្នកទិញ និងទីផ្សារអន្តរជាតិ ពង្រីកលទ្ធភាពក្នុងការទទួលបានឱកាសថ្មីៗ និងពង្រឹងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ គំនិតផ្តួចផ្តើមនេះនឹងបង្ហាញជូនពិភពលោកអំពីទំនិញដែល មានសក្តានុពលខ្ពស់ក្នុងការនាំចេញរបស់កម្ពុជា បង្កើនការយល់ដឹងលើឆាកអន្តរជាតិ និងបង្កើនតម្រូវការសម្រាប់ ផលិតផលដែលផលិតក្នុងស្រុក។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» គ្រោងនឹងរៀបចំស្តង់ពិព័រណ៍ចំនួន ២៤៦ស្តង់ សម្រាប់ពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេស។ អំឡុងពេល៤ថ្ងៃ នៃការតាំងពិព័រណ៍ និងកម្មវិធីអមនានា ក្រសួងពាណិជ្ជកម្មរំពឹងថា នឹងទទួលបានអ្នកចូលរួមទស្សនាប្រមាណ ៥០,០០០នាក់ រួមមាន មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកទស្សនាជាតិ និងអន្តរជាតិ សាធារណជនទូទៅជាពិសេសអ្នកទិញ និងអ្នកចែកចាយមកពីបណ្តាប្រទេសនានា។
ឯកឧត្តម អ្នកនាំពាក្យ បានបន្ថែថា នៅក្នុងពិព័រណ៍នេះ ក្រៅពីដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូលដែលមានគុណភាពខ្ពស់ ក៏នឹងមានរៀបចំកម្មវិធីអមនានា រួមមាន៖ ថ្ងៃទី១-វេទិកាពាណិជ្ជកម្មឌីជីថលលើកទី១ និងពិព័រណ៍អនឡាញ, ថ្ងៃទី២-វេទិកាពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-កូរ៉េ, ថ្ងៃទី៣-កម្មវិធីជំនួបពាណិជ្ជកម្មស្តីពីការអភិវឌ្ឍទីផ្សារផលិតផលសក្តានុពលកម្ពុជា, ថ្ងៃទី៤-វេទិកាស្តីពីការនាំចេញរបស់កម្ពុជា និងការប្រគំតន្ត្រីខា្នតតូចនៅខាងមុខសាលរៀបចំពិព័រណ៍ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦៖០០ល្ងាច ដល់ម៉ោង៨៖០០យប់ ដើម្បីបង្កើនភាពទាក់ទាញនិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ដែលមានការសម្តែងបែបប្រពៃណី ការសម្តែងបែប Acoustic និងការប្រគុំតន្ត្រីសម័យជាដើម។
សូមជម្រាបជូនថា «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា(CTE)» ដើមឡើយមានឈ្មោះថា «ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល (CIEGE)» ដែលចាប់តាំងពីឆ្នាំ២០០៦មក ត្រូវបានរៀបចំឡើងទទួលបានជោគជ័យចំនួន១៦លើក។ ការផ្លាស់ប្ដូរ ឈ្មោះពិព័រណ៍CIEGE ក្នុងគោលបំណងធ្វើឱ្យឈ្មោះពិព័រណ៍នេះកាន់តែមានភាពសាមញ្ញ ឆ្លុះបញ្ចាំងពីគោលគំនិត នៃឧត្តមភាព និងប្រកបដោយភាពទាក់ទាញក្នុងទីផ្សារសម័យថ្មី ដែលមានភាពរស់រវើក និងការយកចិត្តទុកដាក់លើ គុណភាពខ្ពស់ និងភាពសាមញ្ញ។ ជាមួយនឹងការបង្កើតកិត្តិនាមថ្មី និងកាន់តែទំនើប ក្រសួងពាណិជ្ជកម្មនឹងផ្សារ ភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះជាមួយនឹងគោលគំនិតច្នៃប្រឌិតថ្មី ដើម្បីធ្វើឱ្យពិព័រណ៍ដ៏ធំនេះកាន់តែមានភាពរស់រវើក បង្ហាញនូវលក្ខណៈពិសេសពាណិជ្ជកម្ម និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប ហើយតាមរយៈការតាំង បង្ហាញ ការតុបតែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ នឹងបង្កើននូវសោភ័ណភាពដល់ការតាំងបង្ហាញរបស់ អាជីវករ និងអ្នកចូលរួមតាំងពិព័រណ៍។
ក្រសួងពាណិជ្ជកម្ម មានសុទិដ្ឋិនិយម និងជឿជាក់ថា ពិព័រណ៍CTEនៅឆ្នាំនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ដែលមិនត្រឹមតែសម្រាប់អ្នកទស្សនាដែលចូលរួមក្នុង ព្រឹត្តិការណ៍ជាច្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់បណ្ដាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលនឹងអាចទទួល បានលទ្ធផលជាទីគាប់ចិត្តក្នុងការចូលរួមពិព័រណ៍នេះ តាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយពាណិជ្ជករជាច្រើនដែលមកពីជុំវិញពិភពលោក៕
តំណរភ្ជាប់:ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
ប្រភព៖ ក្រសួងព័ត៌មាន