នៅថ្ងៃទី១១ធ្នូ ម្សិលមិញនេះ គឺជាថ្ងៃចាប់ផ្តើមអនុវត្តសារាចរណែនាំលេខ០៧២សណន របស់ក្រសួងមហាផ្ទៃស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ផ្តើមប្រតិបត្តិការបង្ក្រាប ដោយចាប់ឃាត់ខ្លួនអ្នកពាក់ព័ន្ធ និងបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះទាំងស្រុង។
យោងតាមសារាចរនេះ បានណែនាំអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរ៉ឹងតាមដែន សមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ចំណាត់ការបិទការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនេះ អនឡាញនេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន មានទាំងបុគ្គលមានប្រជាប្រិយភាពមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ ។
ការបិទល្បែងស៊ីសងខុសច្បាប់អនឡាញនេះ គឺជាការចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល។
សូមរំលឹកថា មុនចំណាត់ការបិទទីតាំងល្បែងអនឡាញចាប់ផ្តើម ពោលគឺកាលពីថ្ងៃទី៦ធ្នូ សមត្ថកិច្ចបានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ មួយកន្លែង ដោយរកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអោយដឹងថាយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ បានចែងថា អ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ។
មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយ សប្តាហ៍ដល់មួយខែ៕
ប្រភព៖ ក្រសួងព័ត៌មាន