នៅឆ្នាំនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានឱកាសបង្ហាញអំពីវិស័យសិទ្ធិមនុស្សដែលប្រជាពលរដ្ឋខ្មែរទទួលបាន ស្របពេលដែលវិស័យសេដ្ឋកិច្ចនិងវិស័យយុត្តិធម៌មានការរីកចំរើននៅកម្ពុជា។
គណៈប្រតិភូប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម កែវ សុទ្ធិ ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងសម័យប្រជុំទី១៧ នៅទីក្រុងហ្សើណែវ កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ ២០២៤ ដើម្បីធ្វើរបាយការណ៍ស្តីពីការពិនិត្យជាសកលតាមកាលកំណត់របស់កម្ពុជាក្នុងនាមជារដ្ឋនៃសមាជិកអង្គការសហប្រជាជាតិ។
នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានលើកបង្ហាញថា កម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបែបស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ការចូលរួមរបស់កម្ពុជានៅក្នុងវដ្ត នៃដំណើរការពិនិត្យជាសកលតាមកាលកំណត់ សម្រាប់កម្ពុជាទាំងបីលើកកន្លងមក រួមចំណែកក្នុងដំណើរការពង្រឹងប្រព័ន្ធ កិច្ចការពារសិទ្ធិមនុស្សថ្នាក់ជាតិដែលមានស្រាប់ ការពង្រីកលំហពលរដ្ឋ និងនយោបាយ និងការពង្រឹងសិទ្ធិសេដ្ឋកិច្ចសង្គម។ ជាលទ្ធផលនៃអនុសាសន៍ដែលបានទទួលយកពីការធ្វើរបាយការណ៍មុនៗ រួមមាន ការរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។
សេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលរីកចម្រើនលឿនបំផុត និង គ្រោងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
ប្រព័ន្ធកិច្ចគាំពារសង្គមបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋសរុបចំនួន ៤២,១% នៅ ឆ្នាំ២០២៤។
កម្ពុជាជាប្រទេសទីមួយ ដែលអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជា របស់អង្គការ ILO ដែលលើកស្ទួយដល់ច្បាប់ស្តីពីការងារ និង ច្បាប់សី្តពីសហជីព។
កម្ពុជាអនុវត្តមុតមាំលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានឆ្លុះបញ្ចាំងក្នុងការបោះឆ្នោតនីតិកាលទី ៧ នៃរដ្ឋ សភា នៅឆ្នាំ២០២៣ ដែលត្រូវបានធ្វើឡើងដោយសេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព ដោយមានចំនួនអ្នកទៅបោះឆ្នោតយ៉ាងច្រើន រហូត៨៤,៥%។
នៅក្នុងសម័យប្រជុំលើកទីហាសិបប្រាំពីររបៀបវារៈ ស្តីពីការពិនិត្យឡើងវិញជាសកលតាមកាលកំណត់សម្រាប់កម្ពុជានោះ គណៈប្រតិភូកម្ពុជាបានលើកបង្ហាញថាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ព្រមទាំងការ កេងប្រវ័ញ្ចផ្លូវភេទនៅតែជាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា។ ទន្ទឹមនេះ កម្ពុជាកំពុងរៀបចំបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
ទោះបីជាកម្ពុជាគាំទ្រសារព័ត៌មានសេរី និងឯករាជ្យ ក៏កម្ពុជាចាំបាច់ត្រូវប្រយុទ្ធ ប្រឆាំងនឹងព័ត៌មានមិនពិត និងក្លែងក្លាយក្នុងចេតនាព្យាបាទ និងជំរុញដោយសារផលប្រយោជន៍នយោបាយដើម្បីញុះញង់ឱ្យមានការស្អប់ខ្ពើម និងអំពើហិង្សាដែលរំខានដល់ ស្ថិរភាពសង្គម ទន្ទឹមនឹងនោះក៏បង្កអន្តរាយចំពោះគោលការណ៍សិទ្ធិមនុស្ស និងសេរីភាព ជាមូលដ្ឋាន។
ដើម្បីធានា និងពង្រឹងឯករាជ្យភាពតុលាការ កម្ពុជាអនុម័តច្បាប់សំខាន់ៗចំនួន បី រួមមាន ច្បាប់ស្តីពីការរៀបចំអង្គតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជ អាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ អំណាចតុលាការ គឺជាអំណាចឯករាជ្យ និងគ្មានស្ថាប័នណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិអាចជ្រៀតជ្រែកការងាររបស់តុលាការបានឡើយ។ អង្គភាពដោះស្រាយវិវាទ ថ្មីមួយត្រូវបានបង្កើតឡើង ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ។ គណៈកម្មា ធិការដឹកនាំកំណែទម្រង់យុត្តិធម៌ថ្មីមួយត្រូវបានបង្កើត ដើម្បីដឹកនាំ ធ្វើសន្ធានកម្ម និង លើកកម្ពស់ការអនុវត្តកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
គណៈប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានជំរាបមហាសន្និបាតអង្គការសហប្រជាជាតិផងដែរថាកម្ពុជាកំពុងពង្រីកការតភ្ជាប់សេវាអ៊ីនធឺណិតដែល នឹងអនុញ្ញាតឱ្យឃុំសង្កាត់ទាំងអស់អាចប្រើប្រព័ន្ធអ៊ីនធឺណិតបាន ត្រឹមឆ្នាំ២០២៧។ រដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់គ្រប់ជ្រុងជ្រោយមួយស្តីពី កិច្ចការពារទិន្នន័យផ្ទាល់ខ្លួន ដែលនឹងជួយរក្សាសិទ្ធិរបស់ប្រជាជនរបស់ខ្លួនក្នុងការទទួលបានឯកជនភាព និងការការពារទិន្នន័យ។
OHCHR និងវេទិកាអាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័នជាតិសិទ្ធិមនុស្ស បានចូលរួមផ្តល់ ការគាំទ្រដល់ការបញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ សេចក្តីព្រាងច្បាប់នេះត្រូវ បានដាក់ជូនគណៈរដ្ឋមន្ត្រីនៅចុងឆ្នាំ ២០២៣ ហើយកំពុងរង់ចាំការកែសម្រួលបន្ថែមពី សំណាក់ក្រុមប្រឹក្សាអ្នកច្បាប់។
កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះការអប់រំ និងការរៀនសូត្រពេញមួយជីវិត ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ សម្រាប់មនុស្សគ្រប់រូប។ សិទ្ធិទទួលបានការអប់រំ ដែលធានាការទទួលបានការអប់រំដោយឥតគិតថ្លៃយ៉ាងហោច ណាស់ត្រឹមថ្នាក់ទី៩។
កុមារមានពិការភាព ពីក្រុមភាគតិច កុមារជនជាតិដើមភាគតិច និងកុមាររស់នៅក្នុងតំបន់ប្រឈមនៅទីជនបទ និងទីក្រុង ត្រូវបានកំណត់ថាជាក្រុមអាទិភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំពិនិត្យឡើងវិញជាសកលតាមកាលកំណត់សម្រាប់កម្ពុជានេះ គឺជារបៀបវារៈរបស់មហាសន្និបាតពិភពលោក ដែលផ្តល់ឱកាសអោយកម្ពុជាជារដ្ឋសមាជិកអង្គការសហប្រជាជាតិឡើងធ្វើរបាយការណ៍អំពីការចាត់វិធានការនានា ដើម្បីធ្វើឲ្យប្រសើរដល់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស និងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន នៅចំពោះមុខតំណាងប្រទេសទាំងអស់របស់អង្គការសហប្រជាជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន