ព្រឹទ្ធសភាបានពិនិត្យ ឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់លើ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី២ របស់ខ្លួន នារសៀលថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៧រូប។ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណង ដើម្បីផ្តល់ដល់រាជរដ្ឋាភិបាល នូវឧបករណ៍ច្បាប់ ដើម្បីអនុវត្តន៍យ៉ាងពេញលេញនូវកម្មវិធីអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ សេចក្តីព្រាងច្បាប់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការ គ្រប់គ្រងចំណូល ចំណាយជាតិ កម្រិតពិតាននៃឱនភាពថវិកាជាតិ ការគ្រប់គ្រងក្របខ័ណ្ឌម៉ាក្រូ ហិរញ្ញវត្ថុ ពិតាននៃការខ្ចីនិងបំណុលសាធារណៈ គ្រប់គ្រងចំណាយចរន្ត និងចំណាយមូលធន ការវិភាជថវិកាទៅថ្នាក់ក្រសួង ស្ថាប័នជាតិ និងទៅស្ថាប័នថ្នាក់ក្រោមជាតិ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៦ជំពូក និង១៥មាត្រា ត្រូវបានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០២សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលសេចក្តីព្រាងច្បាប់នេះ គឺជាដំណើរការនៃការធ្វើសវនកម្មលើប្រតិបត្តិការថវិកាឆ្នាំ២០២៣ ប្រកបដោយភាពទទួលខុសត្រូវ និងតម្លាភាព។ សេចក្តីព្រាងច្បាប់នេះ ក៏ជាការអនុវត្តវិញ្ញាសាដ៏ លំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំប្រទេសកម្ពុជាឱ្យចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ កសាង នូវលក្ខខណ្ឌចាំបាច់នៃមូលដ្ឋានសេដ្ឋកិច្ចប្រកបដោយកំណើន និងនាំឱ្យប្រទេសជៀសផុតពីវិបត្តិ នានាដែលអាចគំរាមកំហែងដល់ស្ថិរភាពសង្គម គាំទ្រដល់វិស័យសង្គមកិច្ច និងរក្សាលំនឹងម៉ាក្រូ សេដ្ឋកិច្ចរបស់ជាតិ។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៣ជំពូក និង ២២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៧សំឡេង នៃចំនួនសមាជិក រដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។
បន្ទាប់ពីពិនិត្យរួចមក អង្គប្រជុំព្រឹទ្ធសភាបានឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ក្នុងអង្គប្រជុំព្រឹទ្ធសភានេះដែរ ព្រឹទ្ធសភា ក៏បានបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ។ ឯកឧត្តម ង៉ែត ចង្កាវី សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៧សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូលផដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន