នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចាវ ឡឺជី (ZHAO Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Xi Jinping និងសម្តេច ប្រទេសចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងយុគសម័យថ្មី ហើយទន្ទឹមនេះក៏រួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម បានបន្តថា ទស្សនកិច្ចមិត្តភាព និងជាផ្លូវការរបស់សម្តេច ជាពិសេស ជំនួបកំពូលរបស់សម្តេច ជាមួយប្រធានាធិបតី Xi Jinping និងជំនួបនាពេលព្រឹកនេះ នឹងអនុញ្ញាតឱ្យបញ្ជូលកម្លាំងថ្មី ដើម្បីអនុវត្តគំនិតថ្មី និង ផែនការសកម្មភាពកសាងសហគមន៍ជោគវាសនារួមឱ្យកាន់តែមានល្បឿនលឿនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តមZHAO Leji ចំពោះការទទួលសម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ហើយ សម្តេចបានសំដែងនូវក្តីរីករាយដែលបានជួប ឯកឧត្តម សាជាថ្មី ក្នុងនាមប្រធានព្រឹទ្ធសភា បន្ទាប់ពី ជំនួបនៅក្នុងឱកាសវេទិកា Boaoកាលពីដើមឆ្នាំនេះ ដែលនៅពេលនោះ ក្នុងនាមសម្តេច ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សម្តេចតេជោ បានបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចនៅពេលនេះ មានគោលដៅពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសកម្ពុជា និងចិន ដែលឈានដល់ ដំណាក់កាលថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រង់ជ្រោយ ជាមិត្តដែកថែប និង កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
សម្តេចតេជោ បានបន្តថា ជោគជ័យនៃទំនាក់ទំនងរបស់យើង ឈរលើការអនុវត្តជាក់ស្តែង មិនមែនឈរលើការនិយាយទេ ក្រោមការជំរុញនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្តេច បានបន្ថែមថា មិត្តចិន មិនត្រឹមតែជាបង្អែករបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ថែមទាំងពង្រឹងឯករាជ្យភាពកម្ពុជាខាងនយោបាយ ប្រឈមនឹងសភាពការណ៍សកលលោកដែលប្រែលប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។
សម្តេចតេជោ លើកឡើងថា សម្តេចពិតជារីករាយដែលបានជួប ឯកឧត្តមXi Jinping និង ឯកឧត្តម Wang Huning ជាថ្មី ដែលជា ជំនួបយុទ្ធសាស្ត្របន្ទាប់ពីសម្តេច បានផ្ទេរអំណាចដឹកនាំទៅអ្នកបន្តវេន។
សម្តេចតេជោ មានមោទនភាព ដែលបានដោះស្រាយ នូវការផ្ទេរអំណាច ដឹកនាំយ៉ាងរលូនទៅអ្នកដឹកនាំជំនាន់ថ្មី ដែលបានធ្វើសកម្មភាពយ៉ាងលឿន។ ការសុខចិត្តផ្ទេរអំណាចរបស់សម្តេចនេះ គឺប្តូរនឹងសន្តិភាពរយៈពេលវែង។ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មីចំណងមិត្តភាពកម្ពុជា-ចិន មិនមានការផ្លាស់ប្តូរទេ ផ្ទុយទៅវិញ ថែមទាំង ពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត ស្របនឹង ការចុះហត្ថលេខាលើសហគមន៍ជោគវាសនារួម និង ការរីកចម្រើនរួមគ្នា។
សម្តេចតេជោ បានជម្រាប ឯកឧត្តម ឯកឧត្តម ZHAO Leji ថា ជាប្រធានព្រឹទ្ធសភា សម្តេចបានកំណត់គោលដៅអាទិភាពពីរ គឺការលើកតម្កើងការទូតសភា តាមរយៈជំនួបរបស់សម្តេចជាមួយនឹងថ្នាក់ដឹកនាំបរទេស និងទស្សនកិច្ចរបស់សម្តេចនៅបរទេស និង ការធ្វើគណនេយ្យភាពចំពោះមុខអង្គបោះឆ្នោត ដោយឱ្យសមាជិកព្រឹទ្ធសភាទាំងអស់ចុះធ្វើការជាមួយនឹងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់។
ឆ្លៀតនាឱកាសនៅ សម្តេចតេជោ បានអបអរសារទរការប្រារព្ធខួបលើកទី៧០ នៃសភាតំណាងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ហើយ បានថ្លែងអំណរគុណ ឯកឧត្តម ZHAO Leji ដែលគាំទ្រកម្ពុជា ទាំងក្នុងក្របខ័ណ្ឌគណបក្ស និងក្របខ័ណ្ឌសភា។ ឆ្លៀតឱកាសនោះ សម្តេចតេជោ បានគោរពអញ្ជើញ ឯកឧត្តម ZHAO Leji មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលសមស្របខាងមុខ។
ឯកឧត្តម ZHAO Leji បានបញ្ជាក់ថា ឯកឧត្តម បានស្តាប់មតិរបស់សម្តេច ដោយយកចិត្តទុកដាក់យ៉ាងហ្មតចត់ និងឯកភាពទាំស្រុងចំពោះការលើកឡើងរបស់សម្តេចតេជោ ពាក់ព័ន្ធទំនាក់ទំនងកម្ពុជា-ចិន។ ការប្រាស័យទាក់ទង និងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងកម្ពុជា-ចិន គឺដូចជាគ្រួសារតែមួយ និងជាមិត្តភាពដែលមិនអាចបំបែកបំបាក់បានឡើយ។
ឯកឧត្តម បានបន្ថែមថា សម្តេចតេជោ បានផ្តល់យុត្តិធម៌ ចំពោះការការពារផលប្រយោជន៍ស្នូល កម្ពុជា-ចិន ដែលបានកសាងមូលដ្ឋានទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ប្រទេសចិន គាំទ្រគណបក្សប្រជាជនកម្ពុចជា ឱ្យកាន់អំណាចរយៈពេលវែង។
ឯកឧត្តម បានលើកឡើងពីការបន្ស៊ីគ្នារវាង គំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ការសម្រេចកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆា និងអង្ករ ដោយចិននឹងបញ្ជូនក្រុមហ៊ុនជាច្រើនមកកម្ពុជា ជាពិសេស នៅក្នុងវិស័យនៃការអភិវឌ្ឍបៃតង បច្ចេកវិទ្យាឌីជីថល។
ឯកឧត្តម បានលើកឡើងថា ចិន និងកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការស៊ីវិល និងក្នុងវិស័យទេសចរណ៍ ដោយជំរុញឱ្យយុវជនវ័យក្មេង និង ប្រជាជនទាំងពីរស្គាល់គ្នា ការបង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មអនឡាន ការផ្សព្វ ផ្សាយពត៌មានអវិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសប្រទេសយើងទាំងពីរ។
ឯកឧត្តម បានជម្រាប សម្តេចតេជោថា ក្រោមការអនុញ្ញាតពីឯកឧត្តម Xi Jinping ឯកឧត្តម បានរៀបចំជប់លៀងថ្វាយព្រះមហាក្សត្រ និង សម្តេចម៉ែ ខណៈពេលដែលព្រះអង្គទាំងទ្វេយាងមកពិនិត្យសុខភាព ហើយ ឯកឧត្តម បានទទួលដំណើរទស្សនកិច្ចរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា កាលពីខែកញ្ញាកន្លងទៅនេះ។ សភាតំណាងប្រជាជនចិន បាន ចុះ MoU ជាមួយរដ្ឋសភាកម្ពុជា នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា។ ជាមួយគ្នានេះដែរ ឯកឧត្តម ត្រៀមសហការជាមួយនឹងព្រឹទ្ធសភាកម្ពុជា ដែលមានសម្តេចតេជោជាប្រធាន លើគ្រប់វិស័យ និង ការកសាងសហគមន៍ជោគវាសនារួម។
ឯកឧត្តម បានអរគុណ និង ទទួលយកការអញ្ជើញរបស់សម្តេចតេជោ ដោយក្តីរីករាយ ក្នុងការមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលសមស្របខាងមុខ។ ជាចុងក្រោយ ឯកឧត្តម ក៏បានជូនពរសម្ដេចតេជោ និងគណៈប្រតិភូ ទទួលបាននូវភាពជោគជ័យនៅក្នុងគ្រប់ភារកិច្ច៕
ប្រភព៖ ក្រសួងព័ត៌មាន