ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារកាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្រោយបញ្ចប់ការវាស់វែង ចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ ក្រសួងរំពឹងថា នឹងជួយប្រមូលចំណូលពន្ធពាក់ពន្ធនឹងអចលនទ្រព្យប្រមាណ២៥០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចុះបញ្ជីដីធ្លីបានចំនួនជាង ៧លាន ៧សែនក្បាលដី និងបានចេញបណ្ណប្រមាណ ៧លានបណ្ណ ។ នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានវាស់វែងដីធ្លីបន្ថែមបានប្រមាណ ៣លានក្បាលដី និងចេញបណ្ណប្រមាណ ៥៩ម៉ឺនបណ្ណបន្ថែមទៀត ។ចំណែកក្បាលដីនៅសេសសល់ប្រមាណ ១,៥លានទៀត ដែលក្រសួងរំពឹងថានឹងបញ្ចប់នៅពេលឆាប់ៗនេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ការវាស់វែងបញ្ចប់នេះដែរ នឹងអនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរ ។
ឯកឧត្តមបានគូសរំលេចថា បច្ចុប្បន្ន ក្រសួងបាន និងកំពុងដំណើរការវាស់វែង ចុះបញ្ចី និងចេញបណ្ណដីរដ្ឋ និងដីសមូហភាព ដែលកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងព្រះបរមរាជវាំង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសាធារណការ និងដឹកជញ្ជូន អង្គភាពរដ្ឋតាមបណ្ដារាជធានី/ខេត្ត សរុបចំនួន ៥៨ ០៦៣ក្បាលដី ស្មើនឹង៥៨ ០៦៣បណ្ណ ក្នុងនោះក៏មានដីតំបន់បឹងទន្លេសាប ក្នុងខេត្តទាំង៦ ដីសម្បទានសេដ្ឋកិច្ច និងដីគរុភណ្ឌរបស់វត្តផងដែរ ។
ការបញ្ចប់ការវាស់វែងចុះបញ្ជី និងចេញបណ្ណនេះដែរ ក៏អាចបញ្ចប់នូវវិវាទដីធ្លី រវាងរដ្ឋ និងឯកជន និងរវាងឯកជន និងឯកជន ។នេះបើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីបញ្ជាក់។ឯកឧត្តមបន្តថាឱ្យដឹងថា ក្នុងអាណត្តិនេះដែរ ក្រសួងក៏បានដោះស្រាយបញ្ចប់វិវាទចំនួន ១៤ ៩១៩ករណី និងនៅសល់សេសសល់ចំនួន ១ ០៤១ករណី ក្នុងនោះគណៈកម្មការសុរិយោដីថ្នាក់ជាតិដោះស្រាយបាន ៩ ៥៦៦ករណី លើករណីចំនួន ៩ ៨១១ ,អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោះស្រាយបាន ១ ៩៨១ករណី ក្នុងចំណោមវិវាទចំនួន ២០១២ករណី, ការប្រើប្រាស់មន្ត្រីក្រសួង និងមេធាវីស្មគ្រចិត្ត ដោះស្រយាបាន ៣ ៣៧២ករណី លើវិវាទចំនួន ៤ ១៣៧ករណី និងសហការជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដោះស្រាយបាន ៤០លើវិវាទចំនួន ៥៧ករណី ។
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កន្លងទៅនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បានគ្រោងកញ្ចប់ថវិកាប្រមាណ១០០លានដុល្លារ ដើម្បីបញ្ចប់ដំណើរការវាស់វែងដីធ្លី ចុះបញ្ជី និងចេញបណ្ណឱ្យបានសព្វគ្រប់នៅមុនដំណាច់ឆ្នាំ២០២៩ ហើយការបញ្ចប់ការងារទាំងនេះ នឹងអាចបញ្ចប់វិវាទដីធ្លីនៅទូទាំងប្រទេស៕
ប្រភព៖ ក្រសួងព័ត៌មាន