ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ក្រុមការងារអេប MoINFO APP ក្រសួងព័ត៌មានថា រហូតមកដល់ថ្ងៃទី២ធ្នូឆ្នាំ២០២៤នេះ ក្រសួងព័ត៌មានបានសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចតាមរថយន្តក្រុងជូនប្រជាពលរដ្ឋខ្មែរទៅតំបន់ឦសាន មើលការអភិវឌ្ឍន៍ និងមើលការការពារខ្សែក្រវ៉ាត់ព្រំដែនបានចំនួន៩លើកដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន២០៥០នាក់ហើយ។
ការរៀបចំដំណើរទស្សនកិច្ចជូនប្រជាពលរដ្ឋខ្មែរទៅតំបន់ឦសាននេះ ធ្វើឡើងនៅរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយត្រូវរៀបចំទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ៖
ទីតាំងទី១៖ តំបន់បណ្តោយព្រំដែនក្នុង “ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី “។
ទីតាំងទី២៖ តំបន់បណ្តោយព្រំដែនក្នុង “ខេត្តក្រចេះ និងមណ្ឌលគិរី “។
និងទីតាំងទី៣៖ តំបន់បណ្តោយព្រំដែនក្នុង “ខេត្តស្ទឹងត្រែង និងរតនគិរី “។
ទស្សនកិច្ចតាមតម្រាយផ្លូវទាំង៣នេះ ផ្តល់លទ្ធភាពអោយប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកទីតាំងបង្គោលព្រំដែនលេខ១៣០ បង្គោលព្រំដែនលេខ៦៥ បង្គោលព្រំដែនលេខ៦៩ បង្គោលព្រំដែនលេខ៣៤
ព្រមទាំងបង្គោលព្រំដែនលេខ៣០ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំប្រទល់កម្ពុជានិងវៀតណាម។
ភិក្ខុព្រះបញ្ញាវង្សាមុនី សៀង ស៊្រុន បន្ទាប់ពីទស្សនកិច្ច ពេញមួយថ្ងៃតាមខ្សែក្រវ៉ាត់ព្រំដែន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅមានថេរដីកាថា« គ្មានការបង្ខិតបង្គោលព្រំ ដែន, យើងមិនចូលដីគេ គេក៏មិនចូលដីយើង សូម្បីតែមួយ មីល្លីម៉ែត្រ»។
ព្រះសង្ឃមួយអង្គទៀត មានថេរដីកាថា «អាត្មាមានចម្ងល់ច្រើនលើ បញ្ហាទឹកដីដែរកាលពីមុន តែដល់ពេលបានចូលរួមដំណើរ ទស្សនកិច្ចព្រំដែន អាត្មាមានទឹកព្រះទ័យល្អ និងជ្រះថ្លាណាស់ ជាមួយការអភិវឌ្ឍព្រំដែនរបស់យើង»។
យុវជនម្នាក់ថា «ព្រំដែនកម្ពុជាមានបង្គោលរឹងមាំ មិនអាចឱ្យ បរទេសណារំលោភបំពានបានឡើយ សូម្បីតែ១មីលីម៉ែត្រ, សូមកុំជឿតាមការញុះញង់ របស់ក្រុមប្រឆាំងពីបញ្ហាព្រំដែន»។
ទន្ទឹមនេះស្ត្រីម្នាក់ទៀតបានប្រាប់អ្នកសារព័ត៌មានថា «ពេលបានចុះមកមើលផ្ទាល់ភ្នែកដូចនេះ ទើបដឹងថា ការផ្សព្វផ្សាយរបស់ក្រុមប្រឆាំងថា ខ្មែរបាត់បង់ដី៤ខេត្ត គឺជាការផ្សាយបំផិតបំភ័យទាំងស្រុង»។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅតំបន់ឦសាន្តនេះ ដឹកនាំផ្ទាល់ដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អមដំណើរដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហើយនៅពេលដល់ទីតាំងភូមិសាស្ត្របានជួបជាមួយនឹងអាជ្ញាធរខេត្ត និងបានជួបផងដែរ មន្ត្រីក្រសួងការពារជាតិដែលឈរជើងការពារនៅតំបន់នោះដែលបានអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតជូនក្រុមអ្នកធ្វើដំណើរ ពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។
ហើយនេះគឺជាឱកាសស្វែងយល់សភាពការណ៍ពិត និងព័ត៌មានច្បាស់ការទាក់ទងកិច្ចការការពារខ្សែព្រំដែន ទាក់ទងអធិបតេយ្យភាពកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះបានស្វែងយល់ព័ត៌មានពិត និងមានជាមូលដ្ឋានថ្លឹងថ្លែងពិចារណាតបតចំពោះព័ត៌មានភូតភរបោកប្រាស់ពីក្រុមប្រឆាំង។
សូមរំលឹកថា ដំណើរទស្សនកិច្ចទៅឦសានដើម្បីពិនិត្យមើលបង្គោលព្រំដែននេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើម ឡើងដោយផ្ទាល់ជាការឆ្លើយតបចំពោះក្រុមប្រឆាំងដែលបានឃោសនាបំផ្លើសពីការពិតប្រាប់ប្រជាពលរដ្ឋថា កម្ពុជាបានបាត់ដី៤ខេត្តទៅអោយប្រទេសវៀតណាមតាមរយៈកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណមាសនោះ។
យោងតាមអ្នកនាំពាក្យក្រសួងព័ត៍មានបានអោយដឹងថា សន្ទុះប្រជាពលរដ្ឋមកចុះឈ្មោះបានកើនរហូត ដែលគិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រសួងទទួលបានចំនួនអ្នកចុះឈ្មោះសុំចូលរួមក្នុងដំណើរទស្សនកិច្ចទៅឦសានសម្រាប់ទាំង៣តម្រាយផ្លូវសរុប៤ ២៨៩ នាក់ហើយ។
ទន្ទឹមនេះទៀត កម្មវិធីដំណើរទស្សនកិច្ចទៅឦសាននេះនឹងបន្តអនុវត្តតាមការគ្រោងទុករហូតទៅដល់ចុងឆ្នាំ២០២៤នេះ៕
ប្រភព៖ ក្រសួងព័ត៌មាន