ឯកឧត្តម Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ដែល បានរួមវិភាគទានយ៉ាងច្រើនដល់ការអភិវឌ្ឍ និងទំនាក់ទំនង កម្ពុជា-ចិន និងបានកោតសរសើរ ចំពោះការបន្តវេននៃថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជាដែលបានដើរតាមមាគ៌ារបស់សម្ដេចតេជោ ហើយចិនក៏បានបន្តគាំទ្រនូវគោលនយោបាយរបស់កម្ពុជាជាបន្តទៀតផងដែរ។នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចតេជោចេញផ្សាយនាព្រលប់ ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលជំនួបនេះត្រូវបានធ្វើឡើងនៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង នារសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខណៈសម្តេចបាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះ ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្តីចំពោះវត្តមានសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោសារជាតិថ្មីបន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែលឯកឧត្តមអញ្ជើញអមដំណើរឯកឧត្តមប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមបានបន្តថា ចិន និងកម្ពុជាបានបន្តអនុវត្តន៍នៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេចតេជោពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត។ សម្ដេចតេជោបន្តថា ទស្សនកិច្ចនេះ បានធ្វើឡើងក្រោយពីទស្សនកិច្ចរបស់សម្ដេចកាលពីដើមឆ្នាំ២០២៣ ក្នុងគោលដៅលើកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើសពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងមិត្តដែកថែប និងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ សម្ដេចតេជោបានមានប្រសាសន៍ បញ្ជាក់សារជាថ្មីនូវការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ ហើយកម្ពុជានៅតែជាមិត្តរបស់ចិន។ មិត្តចិនបានផ្ដល់នូវការគាំទ្រ មិនត្រឹមតែការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប៉ុណ្ណោះនោះទេ តែក៏បានគាំទ្រដល់ឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាផងដែរ។ សម្ដេចតេជោ ក៏បានអបអរសាទរដល់ខួបទី៧៥ឆ្នាំ នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិន និងកោតសរសើរចំពោះសមិទ្ធផលដែលមិត្តចិនសម្រេចបាន នាពេលកន្លងមក។ សម្ដេចតេជោមានក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងសភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។
ឯកឧត្តម Wang Huning បានសន្យាថា ប្រទេសចិននឹងផ្សព្វផ្សាយពីប្រពៃណីដ៏ល្អរបស់ប្រទេសទាំងពីរ និងជំរុញទេសចរណ៍ចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមក៏បានលើកឡើងផងដែរអំពីគំនិតបន្ស៊ីគ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជាដើម្បីពន្លឿនរចនាសម្ព័ន្ធសំខាន់ៗ រួមមានច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងការអភិវឌ្ឍន៍កសិកម្មទំនើបជាដើម។ ក្នុងឱកាសនោះផងដែរ សម្ដេចតេជោ និងឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ក៏បានពិភាក្សាគ្នាផងដែរអំពីស្ថានការណ៍តំបន់ និងអន្តរជាតិដែលកំពុងមានភាពស្មុគស្មាញ និងប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ នាឱកាសនេះ សម្តេចតេជោក៏បានអញ្ជើញឯកឧត្តម Wang Huning មកបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី ដើម្បីផ្ដល់ឱកាសឱ្យឯកឧត្តមបានឃើញពីភាពរីកចម្រើនបស់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមកាលពីឆ្នាំ២០១៦កន្លងទៅនោះ ។ ឯកឧត្តម Wang Huning ក៏បានទទួលយកនូវការអញ្ជើញរបស់សម្ដេចតេជោ ដោយនឹងពិនិត្យមើលនូវពេលវេលាសមស្របណាមួយនាពេលខាងមុខ៕
ប្រភព៖ ក្រសួងព័ត៌មាន