សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងដោយតប តាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាឱ្យដឹងនាពេលថ្មីៗនេះថា ស្របពេលដែលឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិនឈានដល់ទីបញ្ចប់ ទស្សនកិច្ចលើកទី១របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប ព្រម ទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។
គួរបញ្ជាក់ផងដែរថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន មិនមែនជាការរារាំងកម្ពុជាមិនឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសឬមហាអំណាចផ្សេងទៀតនោះទេ ហើយក៏មិនធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យដែរ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តែងតែឈរលើគោលការណ៍ស្មើភាព និងស្មើសិទ្ធិ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។
ចំណងមិត្តភាពពិសេសនិងមិនអាចបំបែកបានរវាងកម្ពុជានិងចិន គឺជា «គំរូពិសេស» នៃទំនាក់ទំនងអន្តររដ្ឋ ដែលអាចយកទៅអនុវត្តទាំងក្នុងតំបន់និងពិភពលោក។ នៅក្នុងឆ្នាំនៃមិត្តភាពកម្ពុជា-ចិន ការប្តេជ្ញាចិត្តដ៏មុតមាំ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថា ទាំងកម្ពុជានិងចិនពិតជាបានទទួលស្គាល់ថា ការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា គឺជាការពិត។
សូមជម្រាបជូនថា កម្ពុជា និងចិនបានចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការ ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ និងបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានកំណត់យកជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ៕
ប្រភព៖ ក្រសួងព័ត៌មាន