ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នឹងចេញនូវឯកសារសំខាន់ៗចំនួន៣ នៅថ្ងៃចុងក្រោយ ដែលនោះជាការអនុម័ត្រឯកសារបីស្នូលជាប្រវត្តិសាស្រ្តនៃអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវអនុវត្ត្តន៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។ នេះគឺជាថ្លែងបញ្ជាក់របស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដែលបានមកចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទស្សនាប្រាសាទអង្គេរវត្ត នាថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅខេត្តសៀមរាប។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា សម្រាប់ការអនុម័ត្រឯកសារទាំង៣នេះមានដូចជា៖ ទី១ ផែនការសកម្មភាពនៃអនុសញ្ញានេះដល់៥ឆ្នាំទៅមុខទៀតដែលគេហៅថាឯកសារផែនការសកម្មភាពសៀមរាប-អង្គរ ដែលកំពុងប្រមូលធាតុចូលចុងក្រោយដើម្បី រៀបចំ ពង្រាង ផែនការនេះឱ្យបានចប់សព្វគ្រប់ស្អែកយប់នេះ ដើម្បីឱ្យថ្ងៃសុក្រខាងមុខនេះនឹងអនុម័ត្រតែម្តងដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
សម្រាប់ឯកសារឈ្មោះសៀមរាប-អង្គរ នេះនឹងក្លាយទៅជាឈ្មោះមួយដ៏ល្បីលើពិភពលោក។ ទី២ ឯកសារសេចក្តីថ្លែងការណ៍នយោបាយដែលមានគណៈប្រតិភូជាន់ខ្ពស់ដែលមានថ្នាក់រដ្ឋមន្រ្តីត្រូវអនុម័ត្រ និងគាំទ្រដែលជាសេចក្តីថ្លែងការណ៍មួយបង្ហាញពីបណ្តាប្រទេសទាំង១៦៤ ជាសមាជិករដ្ឋភាគីប្តេជ្ញាចិត្តរួមគ្នាស្តីពីការគោរពឱ្យបានត្រឹមត្រូវនូវខ្លឹមសារ តម្រូវការ គោលដៅរបស់អនុសញ្ញាអូតាវ៉ា ស្តីពីការហាមឃាត់នៃការផលិត ប្រើប្រាស់ ដឹកជញ្ជូន និងការងារបោសសំអាត ហើយនិងការជួយដល់បងប្អូនដែលរងគ្រោះថ្នាក់ដោយសារគ្រាប់មីនតែម្តង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្នុង សេចក្តីថ្លែងការណ៍នេះនឹងអំពាវនាវដល់បណ្តាប្រទេសចំនួន៣៣ទៀតដែលមិនទាន់បានចូលជាសមាជិកនៅឡើយ ឱ្យប្រញាប់ប្រញាល់គាំទ្រស្តីពីគ្រាប់មីននេះ នឹងបើអាចធ្វើទៅបានចូលជាសមាជិករដ្ឋភាគីឱ្យបានឆាប់ៗដើម្បីរួមដំណើរគ្នាទៅកាន់ពិភពលោកមួយគ្មានមីន។
បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញមកចូលរួមពិធីបើកសម្រាប់កម្មវិធីពិសេសនេះបានចុះហត្ថលេខាគាំទ្រមុនគេរួចហើយ។ ចំណែកបណ្តាប្រទេសផ្សេងទៀតក៏បានចុះហត្ថលេខាដែរដោយបន្តការគាំទ្រជាបន្តបន្ទាប់ផងដែរ។សម្រាប់ឯកសារទី៣ ដែលចាត់ទុកថាសំខាន់ពីព្រោះថាកិច្ចប្រជុំនេះពិនិត្យឡើងវិញនៃកិច្ចការងារអនុសញ្ញាអូតាវ៉ា ៥ឆ្នាំកន្លងមកនេះ ថាបានធ្វើអ្វីខ្លះ ខ្វះខាតចំណុចណាខ្លះ និងត្រូវការកែលម្អរចំណុចណាឡើងវិញ ដើម្បីយកមកដាក់ក្នុងផែនការសកម្មភាពត្រូវអនុវត្ត ៥ឆ្នាំខាងមុខទៀត។
ឯកឧត្តមទេសរដ្ឋមន្រ្តីលើកឡើងថា៖ «អីចឹងការប្រមូលផ្តុំបណ្តាប្រទេសជាង១០០និងអង្គការធំៗចំនួន៨០ដែលមានអ្នកចូលរួមជិត៨០០នាក់។តំណាងមកពីប្រទេសអាហ្រ្វិកមិនបានមកទាំងអស់ទេ ដោយសារប្រទេសមួយចំនួនជួបប្រទះខ្វះធនធានមិនអាចធ្វើដំណើរមកបាន និងប្រទេសខ្លះទៀតមកតំណាងប្រទេសជិតខាងរបស់ខ្លួនដោយតំណាង៤ទៅ៥ប្រទេសដើម្បីធ្វើសេចក្តីថ្លែងការណ៍រួមគ្នាក្នុងកិច្ចប្រជុំនេះតែម្តង»។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងឱ្យដឹងផងដែរថា ការប្រមូលផ្តុំនៃកិច្ចប្រជុំនេះគឺជាការប្រមូលផ្តុំអាណិតអាសូរ ការប្រមូលផ្តុំស្រឡាញ់សន្តិភាព និងការប្រមូលផ្តុំប្តេជ្ញាចិត្តរួមគ្នាដើម្បីឱ្យពិភពលោកយើងនេះកុំឱ្យជួប្រទះនឹងការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនិងការប្រមូលផ្តុំនៃទឹកដីអង្គរសៀមរាបគឺពិភពលោកនឹងយកទៅវិញនូវសារសន្តិភាព សារនៃការរស់នៅសុខដុមរម្យនា សារនៃការកសាងសាកលលោកមួយដែលការពារសិទ្ធដល់អ្នករងគ្រោះដោយសារមីននិងការពារមនុស្សជំនាន់ក្រោយគ្រោះថ្នាក់ដោយសារមីនគឺចេញពីទឹកដីសៀមរាបរបស់កម្ពុជានេះតែម្តង ដែលមានប្រាសាទអង្គរវត្តនិម្មិត្តរូបដ៏រស់រវើករបស់កម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលសៀមរាប-អង្គេ ស្តីពីពិភពលោកមួយដែលគ្មានមីន នៅក្នុងសៀបរាបគឺបានប្រមូលផ្តុំនៃស្មារតីទទួលខុសត្រូវក្នុងកិច្ចសាមគ្គី ក្នុងការប្តូរផ្តាច់ដើម្បីសំដៅធ្វើយ៉ាងណាឱ្យពិភពលោកគ្មានការគ្រោះថ្នាក់កើតចេញពីសំណល់គ្រឿងផ្ទុះសង្រ្គាមពីគ្រាប់មីន។ ក្នុងកិច្ចប្រជុំនេះ មានប្រទេសជាង១០៥ និងអង្គការធំៗចំនួន៨០ទូទាំងពិភពលោកបានប្រមូលផ្តុំគ្នាដើម្បីរួមគ្នាលុបបំបាត់គ្រាប់មិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន