សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សន្និបាតនេះ ជាការពិនិត្យ និងបូកសរុបលទ្ធផលការងារ ដែលក្រសួង បានខិតខំបំពេញយ៉ាងសកម្មរយៈពេល១ឆ្នាំកន្លងមក។ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នឹងមានថ្លែងសុន្ទរកថាមួយចំនួន នៅក្នុងពិធីបើកសន្និបាតនេះ។
សន្និបាតប្រចាំឆ្នាំរយៈពេល២ថ្ងៃនេះ មានបទអន្តរាគមន៍ជាបន្តបន្ទាប់ស្តីពី «ការចុះបញ្ជីដីបង្ហើយ និងបរិយាកាសគ្មានវិវាទ», «ការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប», «ការកសាងផែនការរៀបចំដែនដី», «ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេសមុទ្រកម្ពុជា», «ការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ», «ទ្រនំសុភមង្គល ភូមិឋានក្សេមក្សាន្ត និងការអភិវឌ្ឍបុរីជនបទ», «សម្បទានដីសង្គមកិច្ច», «ការគ្រប់គ្រង និងអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា», «ស្ថាបត្យកម្មខ្មែរសហសម័យ», «ការផ្តល់សេវាគាប់ចិត្ត», «ការចុះបញ្ជីដីបង្ហើយនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី», «បទពិសោធន៍នៃការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ», «លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប» ជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន