មីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន មិនត្រូវបានអនុញ្ញាតឲ្យថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ
នៅក្នុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានធ្វើឡើងចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។ របបសឹកមីយ៉ាន់ម៉ា បានតែងតាំងអតីតទាហានម្នាក់កាលពីខែឧសភាដើម្បីជំនួសកន្លែងលោក Kyaw Moe Tun ដែលលោកមិនត្រូវបានអនុញ្ញាតឲ្យថ្លែងសុន្ទរកថាដោយ សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី។ ចំណែកឯក្រុមតាលីបង់ ដែលកំពុងតែក្ដោបក្ដាប់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន ក៏បានតែងតាំងលោក Suhail Shaheen ដែលជាអ្នកនាំពាក្យដែលមានមូលដ្ឋាននៅទីក្រុង Doha ប្រទេសកាតា ជាអ្នកតំណាងថ្មីរបស់អាហ្វហ្គានីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ។
អ្នកតំណាងមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន នឹងត្រូវថ្លែងសុន្ទរកថា នៅថ្ងៃចុងបញ្ចប់នៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាទអង្គការសហប្រជាជាតិ។ ប៉ុន្តែ អ្នកតំណាងថ្មីរបស់ពួកគេ ក៏នៅមិនទាន់ត្រូវបានអង្គការសហប្រជាជាតិបោះឆ្នោតទទួលស្គាល់ជាផ្លូវការនៅឡើយទេ។
គួរបញ្ជាក់ថា ការទទួលស្គាល់អ្នកតំណាងថ្មីរបស់មីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថានត្រូវឆ្លងកាត់តាមកុងសង់ស៊ីសរបស់គណៈកម្មការអង្គការសហប្រជាជាតិ។ ដូច្នេះ ប្រទេសមីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថានគ្មានសំឡេងសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ឆ្នាំ ២០២១ នេះទេ។