ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញចម្បងរបស់កម្ពុជា ខណៈដែលការនាំចេញរបស់កម្ពុជាទៅទីផ្សារមួយនេះបានឡើងដល់ ៨,២៣ ពាន់លានដុល្លារអាមេរិក គឺកើនប្រមាណ ៩,៨ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកមានទំហំ ២១៧ លានដុល្លារ កើនឡើង ៧,៥ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
ប្រភពដដែលរំលេចឱ្យឃើញថា កត្តានេះបានធ្វើឱ្យសហរដ្ឋអាមេរិកឈរលេខមួយលើទីផ្សារកម្ពុជា ខណៈវៀតណាមឈរនៅលេខរៀងទី២ និងចិនឈរនៅលេខ៣។
ទិន្នន័យបង្ហាញថា វៀតណាមគឺជាទីផ្សារធំទី២របស់កម្ពុជា ជាមួយនឹងការនាំចេញចំនួន ២.៩ ពាន់លានដុល្លារ កើនឡើង ៣១.២ ភាគរយ និង ៣.៤ ពាន់លានដុល្លារនៃការនាំចូលកើនឡើង១៤.៥ ភាគរយ។ ប្រទេសចិនជាទីផ្សារធំទី៣ ដោយការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនសម្រេចបាន១.៤ ពាន់លានដុល្លារ ដោយកើនឡើង១២ ភាគរយ ខណៈការនាំចូលឈានដល់ ១០.៩ ពាន់លានដុល្លារកើនឡើង ២៣.២ ភាគរយ។
ចំណែកប្រទេសជប៉ុនគឺជាទីផ្សារធំទី៤របស់កម្ពុជា ជាមួយនឹងការនាំចេញឈានដល់ ១.១ ពាន់លានដុល្លារ កើនឡើង១៨ ភាគរយ រីឯការនាំចូលមានតម្លៃ៦០០ លានដុល្លារ កើនឡើង ១៥.៦ ភាគរយ។ នៅមិនឆ្ងាយប៉ុន្មានពីអាមេរិក ប្រទេសកាណាដា ជាទីផ្សារធំទី៥របស់កម្ពុជាដោយនាំចេញមានលើសពី ៩០០ លានដុល្លារ កើនឡើងជិត៣០ ភាគរយ ខណៈដែលការនាំចូលមកកម្ពុជាវិញមាន៤៨ លានដុល្លារ ធ្លាក់ចុះជាង១០ ភាគរយ៕
ប្រភព៖ ក្រសួងព័ត៌មាន