ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការរវាងរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉ ដឹកនាំដោយលោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរបានចុះហត្ថលេខាមានបីចំណុចសំខាន់ៗរួមមាន៖ទី១.កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព,ទី២.កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងទី៣.ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព និងមានបំណងចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងបន្តរៀបចំកិច្ចការចាំបាច់មួយចំនួនមុនពេលចុះអនុស្សរណៈយោគយល់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានជម្រាបជូនគណៈប្រតិភូកូរ៉េពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសកាលពីចុងឆ្នាំ២០២៣កន្លងទៅទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ។
ឯកឧត្តម សុខ លូ ជម្រាបជូនបន្ថែមដល់គណៈប្រតិភូកូរ៉េពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តក្នុងការកសាងខ្លួនដើម្បីដាក់បញ្ចូលក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតនាពេលអនាគត។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានប្រកាសស្វាគមន៍អ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនវិនិយោគនៅខេត្តបាត់ដំបង ជាពិសេសលើវិស័យកសិកម្មដែលមានសក្ដានុពលខ្ពស់ប៉ុន្តែការកែច្នៃនៅមានកម្រិត។
លោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ បង្ហាញការកត់សម្គាល់ពីសក្ដានុពលដ៏សំបូរបែបនៅខេត្តបាត់ដំបងលើវិស័យជាច្រើន ហើយដើម្បីជាកិច្ចចាប់ផ្ដើមជំហានដំបូងក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងស៊ុងដុង-ហ្គូ និងរដ្ឋបាលខេត្តបាត់ដំបង ភាគីកូរ៉េនឹងបើកមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅក្នុងខេត្តបាត់ដំបង៕
ប្រភព៖ ក្រសួងព័ត៌មាន