នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា(គ៥) បានគូសបញ្ជាក់ថា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសង្គមនិយមវៀតណាមនៅកម្ពុជាជាផ្លូវកានេះនឹងធ្វើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) កាន់តែបន្តផ្តល់ភាពទុកចិត្តគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី ។ ការបញ្ជាក់របស់ ឯកឧត្តម សួស យ៉ារ៉ា នេះខណៈដែលឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះ រាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការ អញ្ជើញរបស់ សម្តេចម ហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា បានឲ្យដឹងថា ប្រធានរដ្ឋសភាវៀតណាមនឹងធ្វើទស្សនកិច្ចជាលើកទី១នៅកម្ពុជាដែលក្នុងនាមជាប្រធានសភាជាតិវៀតណាម ដូច្នេះប្រជាជនកម្ពុជាសូមសម្តែងការអបអរសាទរ ។ មិនត្រឹមតែទស្សនកិច្ចនេះនោះទេ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមនឹងចូលរួមការសម្ភោធសមិទ្ធិផលនិងកិច្ចសហប្រតិបត្តិការដែលជាជំនួយរបស់ប្រជាជនវៀតណាម បក្សកុម្មុយនីសវៀតណាម ក៏ដូចជារដ្ឋវៀតណាមដើម្បីបង្កើនការកសាងសមត្ថភាពមន្ត្រី បុគ្គលិករដ្ឋសភាកម្ពុជា ។ ឯកឧត្តម សួស យ៉ារ៉ា បានគូសបញ្ជាក់ថា៖«ចំណុចពិសេសរបស់ឯកឧត្តមប្រធានរដ្ឋសភាវៀតណាមនៅពេលនេះក្រៅពីកសាងទំនាក់ទំនងទ្វេរភាគីស្អិតរមួតកម្ពុជា-វៀតណាមគឺ ឯកឧត្តម នឹងចូលរួមកិច្ចប្រជុំធំៗចំនួន២ដែលនឹងធ្វើនៅក្នុងប្រទេសកម្ពុជា គឺ១.គណបក្សប្រជាជនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណបក្សនយោបាយនៅអាស៊ី និងគណបក្សនយោបាយក្រៅតំបន់ ។ ទី២.ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ អន្តរសភា ដែលហៅថាការ ទូតសភាឬការទូតប្រជាជន»។ ជាមួយគ្នានោះដែរ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាកម្ពុជា-វៀតណាមបានធ្វើទំនាក់ទំនងការទូតជា មួយគ្នាអស់រយៈពេល៥៦ឆ្នាំមកហើយ ដែលជាការពិតការធ្វើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងប្រជាជនជាមួយប្រជាជន។ ប៉ុន្តែសម្រាប់កិច្ចសហប្រតិបត្តិការការកសាងអន្តរសភាទ្វេរភាគីកម្ពុជា-វៀតណាមបានទើបតែពង្រឹងតែពេលថ្មីៗពីថ្នាក់ដឹកនាំពិសេសថ្នាក់ដឹកនាំកំពូលរបស់គណបក្សកុម្មុយនីសវៀតណាម ជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ដោយបានគិតគូរថាធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រជាជន និងប្រជាជនឲ្យមានសុខដុមរនានឹងគ្នាទាំងផ្នែកពាណិជ្ជកម្ម វិនិយោគ ការកសាងដើម្បីឆ្ពោះទៅរកគោលដៅកសាងសន្តិភាព រស់នៅជាមួយគ្នាដោយសន្តិសហវិជ្ជមាន ជាមួយគ្នាតាំងពីជំនាន់មុនមកដល់ជំនាន់នេះ។ បើតាមឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថាដោយសារមានការស្មោះត្រង់នឹងគ្នាបានធ្វើឲ្យទំនាក់ទំនងទំហំពាណិជ្ជរវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)កាន់តែខ្ពស់ កាន់តែជឿរជាក់បាន ។ ពិសេសនោះក្រោយជំងឺកូវីដ១៩ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមបានកើនឡើងជាង ១០ពាន់លានដុល្លារ ដែលមានចំនួនច្រើននៅក្នុងកំពុងវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមបន្ថែមការកើនឡើងទំហំពាណិជ្ជកម្មនេះបានបង្ហាញថាសភានៃប្រទេសទាំងពីរមានទំនុកចិត្តពីគ្នា និងកាន់តែបម្រើផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ និងពង្រឹងការអនុម័តច្បាប់ធ្វើយ៉ាងណាឲ្យច្បាប់ទាំងអស់បំពេញគ្នាទៅវិញទៅមកដោយប្រជាជនរកស៊ីមានភាពងាយស្រួល និងការដឹកនាំទំនិញទៅវិញទៅមកបានល្អ ទំនាក់ទំនងបច្ចេកវិទ្យាបានល្អ ពិសេសពង្រឹង ផ្នែកធនធានមនុស្សផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន