ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំ ប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការជួយ គាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តនៃការបន្តកិច្ច សហប្រតិបត្តិការរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជាស្ទើរលើគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំនេះផ្ទាល់តែម្តង។
ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនលោកស្រី Mariam J.Sherman ផងដែរថា ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសនៅកម្រិតថ្នាក់ដំបូង ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំ និងចំណុចមួយចំនួនដូចជា ការពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើន ម៉ោងសិក្សា មានបណ្ណាល័យស្តង់ដា បង្កើនម៉ោងអាន និងសរសេរ ពង្រឹងការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងតាមដានសកម្មភាពសិក្សារបស់សិស្ស មានសម្ភារសិក្សា និងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ហើយត្រូវមានផែនការ និងរៀបចំអនុវត្តឱ្យបាន ច្បាស់លាស់ ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាព ក្នុងរយៈពេលវែងផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន