កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជជែកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ហើយបានជំរុញឱ្យលោកកុំធ្វើឱ្យស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង។ ការរាយការណ៍នោះបាននិយាយថា លោក ត្រាំ បានធ្វើការហៅទូរស័ព្ទពីរដ្ឋផ្លរីដាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលលើដៃគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហារីស (Kamala Harris)។ សារព័ត៌មាននោះបានដកស្រង់សម្តីរបស់មនុស្សមួយចំនួនដែលបានដឹងពីការហៅទូរស័ព្ទនោះ ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោក ត្រាំ បានរំលឹកដល់លោក ពូទីន អំពីវត្តមានយោធាដ៏ធំរបស់អាម៉េរិកនៅក្នុងទ្វីបអឺរ៉ុប។ ពួកគេបាននិយាយថា លោក ត្រាំ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសន្ទនាគ្នាបន្ថែមទៀតដើម្បីពិភាក្សាអំពីដំណោះស្រាយនៃបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក្នុងពេលឆាប់ៗនេះដែរ។ ការបោះឆ្នោតរបស់លោក ត្រាំ ត្រូវបានគេមើលឃើញថាមានសក្តានុពលក្នុងការបញ្ចប់ជម្លោះនៅអ៊ុយក្រែនដែលបានអូសបន្លាយពេលជិត ៣ឆ្នាំ ខណៈដែលលោកទទូចឱ្យបញ្ចប់ការប្រយុទ្ធគ្នាឱ្យបានឆាប់រហ័ស និងធ្វើឱ្យមានការសង្ស័យទៅលើការគាំទ្រជំនួយរាប់ពាន់លានដុល្លារអាម៉េរិករបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ទីក្រុងគៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយជាមួយលោក ត្រាំ កាលពីថ្ងៃពុធ ដោយមានមហាសេដ្ឋីដែលគាំទ្រគណបក្សសាធារណរដ្ឋ គឺលោក អេឡុន ម៉ាស់ក៍ (Elon Musk) ក៏បានចូលរួមនៅក្នុងការហៅទូរស័ព្ទនោះដែរ។ លោក ហ្សេលេនស្គី បានពណ៌នាការហៅទូរស័ព្ទនេះថា «ល្អឥតខ្ចោះ» ដោយបាននិយាយថា លោក និងលោក ត្រាំ បានព្រមព្រៀងគ្នារក្សាកិច្ចសន្ទនាយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការរបស់យើង។ រដ្ឋបាលគណបក្សប្រជាធិបតេយ្យដែលជិតផុតអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនជំនួយឱ្យបានច្រើនតាមតែអាចធ្វើទៅបានទៅឱ្យអ៊ុយក្រែន មុនពេលចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.