កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ២,៩ពាន់លានដុល្លារ គិតត្រឹមរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៣២,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបានទឹកប្រាក់២,៩ពាន់លានដុល្លារ កើនឡើងជាង៣២,១ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន៣,៤ពាន់លានដុល្លារ កើនឡើងជិត១៤,៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន។
ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។
ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល១០ខែនេះ សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអន្តរជាតិមានចំនួន២១,៥៧ពាន់លានដុល្លារ កើនឡើង១៦ភាគរយ ដោយក្នុងនោះ សហរដ្ឋអាមេរិកមានតម្លៃជាង៨,២ពាន់លានដុល្លារ កើន៩,៨ភាគរយ ចិនមានតម្លៃជាង១,៤ពាន់លានដុល្លារ កើនឡើង២១,១ភាគរយ និងជប៉ុនមានតម្លៃជាង១,១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ រួមនឹងទីផ្សារផ្សេងទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន