ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន លោក ស៊ីកេរូ អ៊ីស៊ីបា (Shigeru Ishiba) បានក្លាយជានាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ បន្ទាប់ពីការបោះឆ្នោតសភាកាលពីថ្ងៃចន្ទ។ លោក អ៊ីស៊ីបា ដែលមានវ័យ ៦៧ឆ្នាំរូបនេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីលើកដំបូងនៅក្នុងខែកញ្ញា បន្ទាប់ពីអ្នកកាន់តំណែងមុន គឺលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានលាលែងពីតំណែង ចំពេលដែលមានរឿងអាស្រូវជាបន្តបន្ទាប់។ មេដឹកនាំគណបក្ស LDP រូបនេះបានឈ្នះនៅក្នុងការបោះឆ្នោតសម្រាប់នាយករដ្ឋមន្ត្រីប្រជែងនឹងមេដឹកនាំគណបក្សប្រឆាំង លោក យ៉ូស៊ីហ៊ីកូ ណូដា (Yoshihiko Noda) នៅក្នុងសភាជាន់ទាបរបស់ប្រទេសជប៉ុន ដោយបានក្លាយជានាយករដ្ឋមន្ត្រីទី១០៣ របស់ប្រទេសនេះ។ នៅមុនសម័យប្រជុំវិសាមញ្ញរបស់សភាកាលពីថ្ងៃចន្ទ លោក អ៊ីស៊ីបា និងគណៈរដ្ឋមន្ត្រីរបស់លោក បានលាលែងពីតំណែងដើម្បីបើកផ្លូវសម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ សារព័ត៌មានក្យូដូ មានរាយការណ៍ថា នៅក្នុងការបោះឆ្នោតជុំដំបូងនៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៤៦៥រូប គ្មានបេក្ខភាពណាម្នាក់ទទួលបានសំឡេងភាគច្រើនចំនួន ២៣៣សំឡេងដែលជាតម្រូវការដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ។ ក្រោយមក បន្ទាប់ពីលោក អ៊ីស៊ីបា ទទួលបាន ២២១សំឡេង និងលោក ណូដា ទទួលបានជាង ១៦០សំឡេង ប្រធានគណបក្ស LDP ត្រូវបានប្រកាសថាជាអ្នកឈ្នះ ដោយមាន ៨៤សំឡេងត្រូវបានចាត់ទុកថាជាសំឡេងឆ្នោតមិនត្រឹមត្រូវ។ សារព័ត៌មានជប៉ុនរាយការណ៍ថា អតីតអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ លោក កីស៊ូកេ ស៊ូហ្ស៊ូគី (Keisuke Suzuki) នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីយុត្តិធម៌ថ្មីរបស់ប្រទេសជប៉ុន ហើយលោក តាគូ អេតូ (Taku Eto) នឹងក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្មម្តងទៀត។ លោក ហ៊ីរ៉ូម៉ាសា ណាកាណូ (Hiromasa Nakano) សមាជិកសភានឹងចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងដែនដី ជំនួសលោក តេតស៊ុអូ សៃតូ (Tetsuo Saito) ដែលបានក្លាយជាប្រធានគណបក្ស៕
ប្រភព៖ ក្រសួងព័ត៌មាន