នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានជួបជាមួយប្រធានាធិបតីអ៊ីតាលី លោក សឺជីអូ ម៉ាតតារ៉េលឡា (Sergio Mattarella) នៅទីក្រុងប៉េកាំង។ លោក លី បាននិយាយថា ទំនាក់ទំនងចិន-អ៊ីតាលី បានរក្សាបាននូវការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងស្ថិរភាព ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ហើយលទ្ធផលជាក់ស្តែងថ្មីៗក៏ត្រូវបានសម្រេចផងដែរ។ លោក លី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសអ៊ីតាលី ដើម្បីឆ្លៀតឱកាសនៃខួបលើកទី២០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ បន្តអនុវត្តន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់ជ្រុងជ្រោយ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត។ លោកបានកត់សម្គាល់ថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនអ៊ីតាលីកាន់តែច្រើនក្នុងការវិនិយោគនៅក្នុងប្រទេសចិន ហើយលោកសង្ឃឹមថា ប្រទេសអ៊ីតាលីនឹងបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ សុវត្ថិភាព និងមិនរើសអើងសម្រាប់ក្រុមហ៊ុនចិននៅក្នុងប្រទេសអ៊ីតាលី។ លោក ម៉ាតតារ៉េលឡា បាននិយាយថា ប្រទេសអ៊ីតាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ហើយទន្ទឹងរង់ចាំធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍបៃតង និងបម្រែបម្រួលអាកាសធាតុ ពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងវិស័យវប្បធម៌ ការអប់រំ និងវិស័យផ្សេងៗទៀត ព្រមទាំងជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគី៕
ប្រភព៖ ក្រសួងព័ត៌មាន