រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់បង្គន់អនាម័យ និងដាក់ពង្រាយបង្គន់អនាម័យចល័តចំនួន៦០០បង្គន់ និងតុបតែងលម្អសោភ័ណភាព និងរូបភាពផ្សេងៗនានាជាច្រើនទៀតរួចរាល់នៅថ្ងៃនេះ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ មកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកានេះ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព នៅទីតាំងរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ជាពិសេសក្នុងបំណងលើកកម្ពស់មុខមាត់របស់ប្រទេសជាតិថែមទៀត។ ជាក់ស្ដែងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យ និងបន្ទប់ទឹក និងពង្រាយបង្គន់អនាម័យ ចល័តព្រមទាំងធ្វើការជួសជុល តុបតែង កែលម្អនៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដើម្បី ត្រៀមទទួលកីឡាករអុំទូក និងបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា ២០២៤នេះ ថា ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការរាជធានីភ្នំពេញ បានសម្រុកធ្វើការជីកកប់សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកព្រមទាំងពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកចល័តសរុបជាង៦០០បន្ទប់ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។ ការងាររៀបចំបង្គន់ និងបន្ទប់ទឹកមានបង្គន់ថ្ម១២ទីតាំង ស្មើនឹង១៤៦បន្ទប់ (មានស្រាប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។
លោកបានឱ្យដឹងទៀតថា ក្រុមការងារបានលាបថ្នាំច្រាំងទន្លេ (មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់ លាបបង្គោលភ្លើងថ្ម លាបរូបសំណាក់តោ និង ហ៊ុំព័ទ្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ (ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) ដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ១២០ស្លាក ត្រៀមកម្លាំងសម្រាប់បោសសម្អាតសួនច្បាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១៤-១៥-១៦-១៧ខែវិច្ឆិកា ឆ្នាំ២០២៤ មានចំនួន៣០០នាក់។ ចំពោះការងារជួសជុលក្រានីត និងការ៉ូឡា ក្រុមការងារបានជួសក្រានីតសួនច្បារមាត់ទន្លេ (ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ) សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។
ទន្ទឹមនឹងនេះ លោកប្រធានអង្គភាពបានបញ្ជាក់ថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន៣០០បង្គន់ និងបន្ទប់ងូតទឹកចំនួន២០០បន្ទប់ទឹក នៅតំបន់ A និងB នៅលើដីOCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សម្រាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហើយ។ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច១០០% លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន១០០% ការងារកាប់ និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន១០០% កាត់ស្មៅ និងផ្កា នៅតាមសួនសំខាន់ៗ ការងារហ៊ុំខ្សែការពារសួនច្បារសម្រេចបាន១០០% លាបថ្នាំ បង្គោលភ្លើងថ្ម និងបង់អង្គុយសម្រេចបាន១០០% កាត់តៃមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន១០០% ព្រមទាំងដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន