មេដឹកនាំនៃប្រទេសគុយវ៉ែត និងអេមីរ៉ាត់អារ៉ាប់រួម (UAE) បានអំពាវនាវកាលពីថ្ងៃអាទិត្យសម្រាប់ការប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីឈានដល់បទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា និងលីបង់។ ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ស្សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ (Sheikh Mohamed bin Zayed Al Nahyan) បានទៅដល់ប្រទេសគុយវ៉ែតកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាជាមួយព្រះអង្គម្ចាស់ ស្សេក មីស្សាល់ អាល់-អាម៉ាដ អាល់-ចាប័រ អាល់-សាបាហ៍ (Sheikh Mishal Al-Ahmad Al-Jaber Al-Sabah)។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirati WAM បានរាយការណ៍ថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរបានស្វែងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ សារព័ត៌មាន WAM បាននិយាយថា ពួកគេក៏បានពិនិត្យមើលឡើងវិញនូវការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងតំបន់ និងអន្តរជាតិ ជាពិសេសស្ថានភាពនៅមជ្ឈិមបូព៌ា ដោយផ្តោតសំខាន់ទៅលើព្រឹត្តិការណ៍ថ្មីៗនៅតំបន់ហ្គាហ្សា និងលីបង់។ មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំង ដើម្បីបញ្ឈប់អរិភាពនៅក្នុងតំបន់ហ្គាហ្សាជាមួយនឹងអាទិភាពទៅលើការធានាចំពោះកិច្ចការពារពេញលេញសម្រាប់ជនស៊ីវិលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ អ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីឆ្នាំមុន ដោយបានសម្លាប់មនុស្សជាង ៤៣.៦០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារចាប់តាំងពីឆ្នាំមុនមក។ ជម្លោះនេះបានរីករាលដាលដល់ប្រទេសលីបង់ ដោយអ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងសាហាវនៅទូទាំងប្រទេសក្នុងការកើនឡើងពីសង្គ្រាមឆ្លងព្រំដែនរយៈពេលមួយឆ្នាំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សា៕
ប្រភព៖ ក្រសួងព័ត៌មាន