កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានផ្ញើសារអបអរសាទរដល់លោក ដូណាល់ ត្រាំ (Donald Trump) ចំពោះជ័យជំនះរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។ លោក ស៊ី បាននិយាយនៅក្នុងសាររបស់លោកថា «ទំនាក់ទំនងចិន-សហរដ្ឋអាមេរិកដែលមានស្ថិរភាព មានសុខភាពល្អ និងនិរន្តរភាព គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ហើយស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិ»។
លោក ស៊ី បានជំរុញឱ្យប្រទេសទាំងពីរស្វែងរកវិធីត្រឹមត្រូវក្នុងការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកកាន់តែទូលំទូលាយ។
ប្រធានាធិបតីចិន លោក ស៊ី បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ពង្រឹងកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកបានបញ្ចប់នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងម៉ូស្គូ)។
លទ្ធផលផ្លូវការនៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែបើយោងតាមសារព័ត៌មាន Fox News លោក ដូណាល់ ត្រាំ ទទួលបានការបោះឆ្នោតចំនួន ២៧៧សំឡេង លើសពី ២៧០សំឡេងដែលជាតម្រូវការសម្រាប់ជ័យជំនះ។ លោក ត្រាំ បានប្រកាសខ្លួនឯងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិករួចហើយ។ ប្រធានសភា លោក ម៉ៃ ចុនសុន (Mike Johnson) បានហៅលោកថាជាប្រធានាធិបតីជាប់ឆ្នោត។
លោក ត្រាំ បានចាប់ផ្តើមទទួលការអបអរសាទរពីបណ្តាមេដឹកនាំបរទេស។ ក្រៅពីប្រធានាធិបតី និងអនុប្រធានាធិបតី អ្នកបោះឆ្នោតអាម៉េរិកក៏បានបោះឆ្នោតជ្រើសរើសសមាជិកមួយភាគបីនៃព្រឹទ្ធសភា សមាជិកសភាតំណាងរាស្រ្តទាំងមូល និងអភិបាលនៃរដ្ឋចំនួន១១ និងដែនដីចំនួនពីរផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន