ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្តេជ្ញាចិត្តកាត់បន្ថយការជក់បារីក្នុងចំណោមមនុស្សពេញវ័យមកនៅត្រឹម ១៥% នៅត្រឹមចុងឆ្នាំក្រោយ ស្របតាមការអនុវត្តច្បាប់គ្រប់គ្រងផលិតផលបារីសម្រាប់សុខភាពសាធារណៈឆ្នាំ២០២៤។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៤ ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត ឌីហ្ស៊ុលកេហ្វលី អាម៉ាដ (Dzulkefly Ahmad) ជឿជាក់ថា ការអនុវត្តច្បាប់នេះ អាចជួយកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃការជក់បារីក្នុងចំណោមមនុស្សពេញវ័យ ក៏ដូចជាការប្រើប្រាស់បារីអេឡិចត្រូនិចផងដែរ។
ច្បាប់នេះគ្របដណ្តប់ទៅលើបទប្បញ្ញត្តិស្តីពីការចុះបញ្ជី ការលក់ ការវេចខ្ចប់ ការដាក់ស្លាក និងការហាមឃាត់ការជក់បារីនៅកន្លែងសាធារណៈ។ ខណៈដែលអត្រានៃការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅបានធ្លាក់ចុះពី ២១,៣% នៅក្នុងឆ្នាំ២០១៩ មកនៅ ១៩% កាលពីឆ្នាំមុន ដោយវាមានការផ្លាស់ប្តូរពីការជក់បារីធម្មតាទៅជាការជក់បារីអេឡិចត្រូនិច។
បច្ចុប្បន្ននេះ អត្រានៃការជក់បារីអេឡិចត្រូចនិ គឺនៅកម្រិត ៥,៨%។ នេះបើយោងតាមការស្ទង់មតិសុខភាព និងជំងឺជាតិឆ្នាំ ២០២៣ (NHMS)៕
ប្រភព៖ ក្រសួងព័ត៌មាន