ការកាប់សំលាប់ពីសំណាក់ក្រុមប្រដាប់អាវុធ និងការរើសកំលាំងបន្ថែមនៅប្រទេស នីហ្សេរ
បើយោងតាមក្រុមការពារសិទ្ធិមនុស្សមួយក្រុមបានអោយដឹងថា កុមារជាច្រើនត្រូវបានគេសម្លាប់ចាប់តាំងពី ស្ថានភាពក្នុងតំបន់ Tillaberi ភាគខាងលិចនៃប្រទេស នីហ្សេរ មានសភាពកាន់តែតានតឹងមក។ លោក Matt Wells នៃអង្គការ Amnesty អន្ដរជាតិបានទទូចអោយរដ្ឋាភិបាល ប្រទេស នីហ្សេរ និង ដៃគូអន្ដរជាតិអោយមានការបង្ការ និងការពារប្រជាជនរបស់ខ្លួនអោយបានឆាប់រហ័ស ជាពិសេសការធ្វើទុកបុកម្នេញបន្ថែមទៀតលើកុមារ។
អង្គការ Amnesty អន្ដរជាតិបានចោទប្រកាន់លើក្រុមរដ្ឋអ៊ីស្លាម Greater Sahara (ISGS) និងក្រុមដែលពាក់ព័ន្ធក្រុមអាល់កៃដា Jama’at Nusrat al-Islam wal-Muslimin (JNIM) ចំពោះការបំផ្លិចបំផ្លាញនានាមកលើប្រជាពលរដ្ឋ និងកុមារ។
នៅក្នុងឆ្នាំ២០២១នេះ មានកុមារប្រមាណ៦០នាក់ត្រូវបានគេសម្លាប់នៅតាមបណ្តោយព្រំដែនបីប្រទេសជាប់នីហ្សេរ ហើយបើគិតពីខែមករារហូតដល់ខែសីហា មានប្រជាជនស្លូតត្រង់ចំនួន៥៤៤នាក់បានស្លាប់ដោយសារការវាយប្រហារ នេះ។ក្រុមប្រដាប់អាវុធទាំងពីរអាចធ្វើប្រតិបត្តិការ បានយ៉ាងងាយស្រួលនៅតាមតំបន់ព្រំដែនដោយសារកងកំលាំងរដ្ឋាភិបាលបានបោះបង់តំបន់ទាំងនោះ។ប្រជាជនដែលទទួលរងគ្រោះពីការធ្វើបាបនោះបាននិយាយថា ពួកគាត់ត្រូវបានរដ្ឋាភិបាល នីហ្សេរ បោះបង់ចោលបាត់ទៅហើយ។
ក្រុមប្រដាប់អាវុធ ISGS កំពុងតែធ្វើការជ្រើសរើសសមាជិកបន្ថែមដោយ ធ្វើការទាក់ទាញសហគមន៏ប្រជាពលរដ្ឋក្រីក្រ និង ក្រុមដែលរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ចំណែកក្រុម JNIM វិញ ធ្វើការជ្រើសរើសសមាជិកលើក្រុមយុវជនក្មេងៗ និងកុមារា។ អង្គការ Amnesty អន្ដរជាតិ បានទាមទារអោយមានកិច្ចប្រតិបត្តិការបន្ទាន់ពីរដ្ឋាភិបាល និងតួអង្គអន្តរជាតិមុននឹងប្រជាជននីហ្សើរ ធ្លាក់ចូលក្នុងការបំផ្លិចបំផ្លាញច្រើនជាងនេះ។