សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ត្រូវបានរៀបចំឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន (ASEAN TMH)។
សិក្ខាសាលានេះត្រូវបានដឹកនាំរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលតំណាងសាកលវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី នវានុវត្តន៍ករ វិស័យឯកជន និងការិយាល័យផ្ទេរបច្ចេកវិទ្យាក្នុងគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍថ្នាលឌីជីលលនៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដែលជាគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងគោលបំណងផ្សារភ្ជាប់ការស្រាវជ្រាវពីសាកលវិទ្យាល័យទៅវិស័យឯកជន ដើម្បីពន្លឿននវានុវត្តន៍ និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់។
មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌល ASEAN TMH មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់តំបន់។
ឯកឧត្តមបានបន្ថែមថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហារួម ដោយផ្ដោតលើការប្រើប្រាស់សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ និងផែនទីផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០។”
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ កម្ពុជា និងឥណ្ឌូណេស៊ីបានដឹកនាំគម្រោងមជ្ឈមណ្ឌល ASEAN TMH ដោយបានរៀបចំសិក្ខាសាលាជាច្រើននៅក្នុងប្រទេសទាំងពីរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចនូវការរៀបចំបញ្ចប់ឯកសារទស្សនទាន ការរៀបចំស្ថាប័ន និងការបង្កើតគំរូសម្រាប់ថ្នាលមជ្ឈមណ្ឌល ASEAN TMH ។
នៅក្នុងតំបន់អាស៊ាន រដ្ឋជាសមាជិកនីមួយៗ កន្លងមក អនុវត្តយន្តការផ្សេងៗគ្នាសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដែលជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ ធុរកិច្ចបង្កើតថ្មីនៅអាស៊ានត្រឹមតែ១៥%ប៉ុណ្ណោះ បានពង្រីកវិសាលភាពរបស់ខ្លួនលើសពីទីផ្សារក្នុងស្រុក។ ដូច្នេះ ការសម្របសម្រួលក្នុងតំបន់មានភាពចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនវានុវត្តន៍ និងការធ្វើពាណិជ្ជកម្មបន្ថែម។ ភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប បានជំរុញគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាននេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ដោយប្រមូលផ្តុំ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។
ជាក់ស្តែង ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ សិក្ខាសាលាមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ចំនួន៤លើក ត្រូវបានរៀបចំឡើង ដោយបង្កើនការឯកភាពក្នុងតំបន់ កំណត់សុពលភាពឯកសារទស្សនទាន និងបង្កើតគំរូនៃថ្នាលឌីជីល។ សិក្ខាសាលាលើកទី៥នេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រមទាំងប្រមូលមតិកែលម្អសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ត រួមទាំងការបញ្ជាក់សុពលភាពនៃការការពារកម្មសិទ្ធិបញ្ញា និងការគាំទ្រក្រោយការផ្គូរផ្គងសម្រាប់ការផ្ទេរបច្ចេកវិទ្យា។
ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អាស៊ានក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល ASEAN TMH ដោយសង្កត់ធ្ងន់លើអត្ថប្រយោជន៍ទៅវិញទៅមកនៃការផ្លាស់ប្តូរបច្ចេកវិទ្យារវាងអឺរ៉ុប និងអាស៊ាន។
ឯកឧត្តមបានលើកឡើងថា៖ “យើងទទួលស្គាល់ថា ភាពជាដៃគូរបស់យើងមិនស្ថិតនៅត្រឹមតែការសន្ទនាប៉ុណ្ណោះទេ តែជាមូលដ្ឋានគ្រឹះក្នុងការបង្កើតឱកាសជាក់ស្តែងដែលជំរុញនវានុវត្តន៍នៅទូទាំងតំបន់ និងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងវិសមភាពសេដ្ឋកិច្ច។”
គំនិតផ្តួចផ្តើមសំខាន់ៗរបស់សហភាពអឺរ៉ុបបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគំរូថ្នាលឌីជីថល សម្រាប់មជ្ឈមណ្ឌល ASEAN TMH ។ គម្រោង EURAXESS ASEAN គម្រោងមូលនិធិរួម អាស៊ាន-អឺរ៉ុប សម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍ គម្រោង EISMEA មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ព្រមទាំងការចូលរួមរបស់មជ្ឈមណ្ឌល SAIRA បានជំរុញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។
លោកស្រីបណ្ឌិត Zurina Moktar ប្រធានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅលេខាធិការដ្ឋានអាស៊ាន បានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលស្គាល់មជ្ឈមណ្ឌល ASEAN TMH ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរនវានុវត្តន៍របស់តំបន់។ លោកស្រីបានលើកឡើងថា៖ “វេទិកានេះគួរតែដើរតួជាសសរស្តម្ភដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់អាស៊ាន ស្របតាមគោលដៅដែលមានចែងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៦-២០៣០” ។
សិក្ខាសាលាជាស៊េរី នៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បានអនុវត្តវិធីសាស្រ្តភាពជាដៃគូ ក្នុងនោះសិក្ខាសាលាកន្លងមក ត្រូវបានសហការដឹកនាំដោយទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូនេស៊ី (BRIN) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ដៃគូនានា ដូចជា E-READI អគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍របស់គណៈកម្មការអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់ការគាំទ្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំមួយសម្រាប់តំបន់។
លទ្ធផលនៃសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការរៀបចំគំរូមជ្ឈមណ្ឌល ASEAN TMH ដែលគ្រោងនឹងបង្ហាញជូនគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៦ (COSTI-86) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៤។
ប្រភព៖ ក្រសួងព័ត៌មាន