លោកវេជ្ជបណ្ឌិត នូ ចាន់លី ប្រធានបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មានប្រសាសន៍ថា កម្ពុជាមានអត្រាព្យាបាលជោគជ័យនៃជំងឺរបេងរក្សាបានខ្ពស់ជាង៩០% ក្នុងរយៈពេល២៤ ឆ្នាំជាប់ៗគ្នា។ ពោលក្នុងឆ្នាំ២០២៣ កម្មវីធីជាតិកំចាត់រោគរបេងសម្រេចបានអត្រាព្យាបាលជោគជ័យ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំកំណត់ត្រឹមតែ ៩០%។ នេះបង្ហាញថាកម្ពុជាបានចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់នៅលើពិភពលោក។
ការអះអាងនេះនៅក្នុងវេទិកាពិភាក្សាតុមូលស្តីពី «លើកកម្ពស់ការយល់ដឹងអំពីជំងឺរបេង និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាននៅកម្ពុជា» នៅសណ្ឋាគារពូលូវ៉ៃ រាជធានីភ្នំពេញ ដែលរៀបចំក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយអង្គការខាណាកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិតបន្តថា បើទោះបីជាទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏កម្មវិធីជាតិកំចាត់រោគរបេង នៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញទៅថ្ងៃអនាគតពិសេសដើម្បីរួមចំណែកក្នុងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
មន្ត្រីជំនាញនៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៃក្រសួងសុខាភិបាល អង្គការខាណាកម្ពុជា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៦៨នាក់ មកពី៥៣ស្ថាប័នដើម្បីស្វែងយល់អំពីទំហំនៃបញ្ហាប្រឈម និងផលវិបាកនៃជំងឺរបេងរួមទាំងស្ថានភាពនៃជំងឺរបេងនៅកម្ពុជា និងពិភពលោកសំដៅលើកទឹកចិត្តដល់អ្នកសារព័ត៌មានចូលរួមចំណែកផ្សព្វ ផ្សាយបន្តនូវសារអំពីជំងឺរបេងក្នុងដំណើរការបញ្ចប់ជំងឺរបេងនៅកម្ពុជានាឆ្នាំ២០៣០។
បើតាមលោកវេជ្ជបណ្ឌិត នូ ចាន់លី បញ្ជាក់ន្ថែមថា អត្រាស្លាប់ ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះពី ៤២ករណី ក្នុងចំណោមប្រជាជន១សែននាក់ ក្នុងឆ្នាំ២០០០ មកត្រឹមតែ ២៣ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%។ អត្រាអាំងស៊ីដង់ ក៏បានធ្លាក់ចុះពី ៥៧៩ ករណី ក្នុងចំណោមប្រជាជន ១សែននាក់ នៅឆ្នាំ២០០០ មកត្រឹម ៣២០ ករណី ក្នុងចំណោមប្រជាជន ១សែននាក់នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥% ផងដែរ។
ចំណែកលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) បានបន្ថែមថា របេង ជាជំងឺឆ្លងមិនមែនជាជំងឺតពូជនោះទេ។ ជំងឺរបេង បង្កឡើងដោយមេរោគរបេង ឬបេកា (BK= Bacille de Kock) ឬ (MTB= Mycobacterium Tuberculosis)។ លក្ខណៈរបស់វា គឺការកើតមានដំបៅនៅក្នុងជាលិកា ជាពិសេសនៅក្នុងសួត។លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ជំងឺរបេង ជាជំងឺអាចបង្ការ និងអាចព្យាបាលជាសះស្បើយ ដូច្នេះសូមកុំឱ្យមានការរើសអើងចំពោះអ្នកផ្ទុកជំងឺរបេង។
ចំណែកលោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បញ្ជាក់ថា ការស្វែងរកការព្យាបាលជំងឺរបេង ដោយឥតគិតថ្លៃ ពិតជាមានសារៈសំខាន់ ដើម្បីកុំឱ្យជំងឺនេះឆ្លងទៅសមាជិកគ្រួសារ និងមនុស្សជុំវិញខ្លួន។
សូមជម្រាបថា នៅក្នុងផែនការយុទ្ធសាស្រ្តជាតិកម្ពុជាដើម្បីបបញ្ចប់ជំងឺរបេង ២០២១-២០៣០ កម្ពុជាគ្មានជំងឺរបេង (សូន្យស្លាប់ សូន្យឈឺ និងគ្មានការឈឺចាប់ដោយសារជំងឺរបេង) នឹងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិនៃប្រជាជនដែលមានសុខភាពល្អ និងផលិតភាពសេដ្ឋកិច្ច ដើម្បីធ្វើឱ្យវាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ទន្ទឹមគ្នានេះ ដើម្បីកាត់បន្ថយអត្រាកើតជំងឺរបេង តាមការប៉ាន់ប្រមាណបាន៨០% និងកាត់បន្ថយអត្រាមរណៈ៩០% នៅឆ្នាំ២០៣០ ធៀបទៅនឹងឆ្នាំ២០១៥៕
ប្រភព៖ ក្រសួងព័ត៌មាន