ក្នុងរយៈពេលមួយឆ្នាំមកនេះ រាជរដ្ឋាភិបាលទី៧នៃរដ្ឋសភា បានទទួលលទ្ធផលខ្ពស់លើការងារទាក់ទាញវិនិយោគិនអោយមកធ្វើជំនួញនៅកម្ពុជាដោយធ្វើអោយតួលេខ គម្រោងវិនិយោគិនឡើង៧៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីអាណត្តិទី៦។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាក្នុងរយៈពេល មួយឆ្នាំនេះកម្ពុជាទទួលបានទុនវិនិយោគ ចំនួន៧៥៧០លានដុល្លារគឺកើនជាងឆ្នាំកន្លងចំនួន ១៦១ភាគរយ។
ទន្ទឹមនេះគម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួនជាង៣ម៉ឺន កន្លែងកើនជាងឆ្នាំកន្លងទៅក្នុងបរិមាណកំណើន៣៩ភាគរយ។
បើយើងបែងចែកគម្រោងវិនិយោគតាមវិស័យវិញ យើងឃើញថា គម្រោងវិនិយោគលើវិស័យឧស្សហកម្ម មានកំណើន១០៣ភាគរយ លើវិស័យទេសចរណ៍ក្នុងកំណើន១៧ភាគរយ
និងគម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ មានកំណើន៣៤៤៦ ភាគរយ ខណៈគម្រោងវិនិយោគលើវិស័យកសិកម្មមានការថយចុះទៅវិញ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថា ប្រភពទុនវិនិយោគចូលមកវិនិយោគនៅកម្ពុជាលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គឺចិនច្រើនជាងគេដោយយកចំណែក៦១ភាគរយ។កម្ពុជាឈរលំដាប់ទី២ដោយមាន ៣២ភាគរយ។សីង្ហបុរីយក៣ភាគរយ។
វៀតណាយកចំណែក១ភាគរយ និងប្រទេសម៉ាឡេស៊ី មានចំណែក១ភាគរយ។
យោងតាមរបាយការណ៍បានអោយដឹងថា ខេត្តកំពង់ស្ពឺទទួលបាន៩៥ទីតាំងវិនិយោគ ខេត្តស្វាយរៀងទទួលបាន៧១ទីតាំងវិនិយោគ ភ្នំពេញទទួលបាន៥២ទីតាំងវិនិយោគ ខេត្តកណ្ដាលទទួលបាន៤២ទីតាំងវិនិយោគ និងខេត្តព្រះសីហនុ ទទួលបាន៤៩ទីតាំងវិនិយោគ៕
ប្រភព៖ ក្រសួងព័ត៌មាន