រយៈ​ពេលឆមាសទី១ ឆ្នាំ២០២៤​នេះកម្ពុជា ​ទទួល​បាន​ទុន​វិនិ​យោ​គ​​ប្រមាណ ២ ៦០០លានដុល្លារអាមេរិក​ក្នុងវិស័យ​សំណង់។ នេះ​បើ​យោងតាម​ប្រសាសន៍ឯកឧត្តម​ លាង មុនីរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ កាលពីថ្ងៃដើម​សប្ដាហ៍នេះ។

ឯកឧត្តម​ លាង មុនីរិទ្ធ បានប្រាប់AMSថា បើទោះបីជា​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និងពិភពលោក នៅពុំ​ទាន់​ប្រសើរ​ឡើង​វិញ​​ដូច​ស្ថានភាពមុន​​ការរីក​រាលដាល​នៃជំងឺកូវីដ​១៩ក៏ដោយ ប៉ុន្តែទុន​វិនិយោគ​ក្នុង​សំណង់អគារ ​រយៈ​ពេល៦ខែ​ដើមឆ្នាំ ២០២៤នេះ កម្ពុជា​ទទួលបាន​ប្រមា​ណ ​​២,៤​ពាន់​លានដុល្លារ​អាមេរិក ដែលជាសញ្ញាបង្ហាញថា ​វិស័យ​សំណង់​កម្ពុជា​នៅតែមាន​កំណើន​ជា​ប្រចាំ​ ។ជាពិ​សេ​ស​គម្រោង​ថ្មីៗ​ដែល​បានស្នើ​សុំ​ក្នុងរយៈ​ពេល៦ខែ​ដើមឆ្នាំនេះ មានកំណើន​ខ្ពស់ជាង​រយៈពេល​ដូច​គ្នាកាលពី​ឆ្នាំ២០២៣ ។

ដោយឡែករបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​បានបង្ហាញ​ឱ្យឃើញផងដែរថា ក្នុង​រយៈពេល៦​ខែឆ្នាំ ២០២៤​​នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៩០​គម្រោង​ ដែលទឹកប្រាក់​ចំនួន​ ៣,២​ពាន់លានដុល្លារ​។ បើធៀបនឹង​រយៈ​ពេលដូច​គ្នា​កាលពីឆ្នាំ ២០២៣​កន្លងទៅ ឃើញ​ថា​មាន​គម្រោ​ងវិនិយោគតែចំនួន ១១៣​គម្រោង​ប៉ុណ្ណោះ នឹងមានទឹក​ប្រាក់​វិនិយោក​ចំនួន ១ ១៩៥​លាន​ដុល្លារ​អា​មេរិក ដែល​សបញ្ជាក់ថា ក្នុង​ឆ្នាំ២០២៤​នេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ខ្ពស់ជាង​ឆ្នាំមុន ។

របាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ដដែលថា គម្រោង​សំណង់​អគារ​ដែលធំ​ជាង​គេ​ គឺគម្រោង​វិនិយោគ​បង្កើត​ និងធ្វើ​អាជីវកម្ម​​សណ្ឋាគារ​ផ្កាយ​៥ ចំនួន ២ ៨៧០​បន្ទប់ និង​មជ្ឈ​ម​ណ្ឌ​ល​​ពាណិជ្ជកម្ម ដែល​មានទីតាំង​ស្ថិតនៅ​ក្នុង​ក្រុងព្រះ​សីហនុ ខេត្ត​ព្រះសីហនុ ជាមួយ​ទុន​វិនិ​យោ​គ​ប្រ​មា​ណ ​៥៧៤​​លាន​ដុល្លារ​អាមេរិក ។ គម្រោងនេះ អាច​បង្កើត​ការងារ​បានរហូតដល់​ ៣ ៨៦០​នាក់​ឯណោះ ។

ដោយឡែក ​គម្រោង​សំណង់អគារ​ខ្ពស់ៗ ក្នុងឆ្នាំ២០២៤​នេះ ជាការ​កត់សម្គាល់​មិនមានគម្រោង​ថ្មីៗ​នោះទេ ដោយសារតែកត្តា​ការផ្គត់ផ្គង់​មានច្រើនជាង​តម្រូវការ ដូច្នេះ​វា​ត្រូវការ​ពេល​វេលា​​ដើម្បី​រកទីផ្សារ​សម្រាប់​អគារ​ដែល​បានផ្គត់ផ្គង់កាលពី​ពេល​កន្លងទៅនេះ ជាពិសេស​នៅមុនការរី​ករាលដាលនៃជំងឹកូវីដ​១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.