លោក Jeff Flake ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទួរគី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើសុំសម្ព័ន្ធមិត្តរបស់ខ្លួន ដែលរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ ឱ្យបញ្ចុះបញ្ចូលទីក្រុងតេអេរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Flake បាននិយាយនៅឯកិច្ចពិភាក្សាជាមួយអ្នកកាសែតថា “យើងស្នើឱ្យសម្ព័ន្ធមិត្តរបស់យើងទាំងអស់ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ធ្វើយ៉ាងណាឱ្យពួកគេបន្ធូរបន្ថយភាពតានតឹង»។ លោកបានបន្ថែមទៀតថា “ពួកគេកំពុងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីប្រាកដថា ភាពតានតឹងគឺមិនកើនឡើងបន្ថែមទៀត”។
គេហទំព័រព័ត៌មានមួយបានសរសេរដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលថា “ប្រជាជនអ៊ីរ៉ង់ បង្ហាញសញ្ញាដោយបើកចំហនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការវាយប្រហារទ្រង់ទ្រាយធំមួយ បន្ថែមពីលើសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ពួកគេថា ការវាយប្រហារនឹងលើសពីអ្វីដែលពួកគេ បានធ្វើនៅក្នុងខែមេសា”។ គួរបញ្ចាក់ថា ភាពតានតឹងនៅមជ្ឈិមបូព៌ា បានផ្ទុះឡើងម្តងទៀតបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh នៅក្នុងទីក្រុងតេអេរ៉ង់ និងការសម្លាប់លោក Fuad Shukr ដែលជាមេបញ្ជាការជាន់ខ្ពស់របស់ហេសបូឡា ដែលមានមូលដ្ឋានក្នុងទីក្រុងបេរូត ប្រទេសលីបង់។ ប្រទេសអ៊ីរ៉ង់ ក្រុមហាម៉ាស និងហេសបូឡា បានស្តីបន្ទោសការសម្លាប់ទាំងនោះ លើអ៊ីស្រាអែល ដោយប្តេជ្ញាថានឹងសងសឹកវិញ៕
ប្រភព៖ ក្រសួងព័ត៌មាន