សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សាកលវិទ្យាល័យ ឌឹ ម៉ុនហ្វត កម្ពុជា នាថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា គ្រិស្តសរាជ ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើង ពុំមានចំណេះដឹង និង សមត្ថភាព ជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និង ពុំមានសមត្ថភាពចូលរួមកសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង ។ ដូច្នេះហើយ, នេះមិនមែនជាការចៃដន្យនោះឡើយ ដែលយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យកអាទិភាព គន្លឹះ ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា» ពោល គឺយកកត្តា «មនុស្ស» ជាអាទិភាពខ្ពស់បំផុត ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយរបស់យើង, ដូច្នេះហើយការអប់រំ និង ការបណ្តុះ-បណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង, និង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០»។
ដើម្បីឈានទៅដល់គោលដៅនេះ, ស្ថាប័នឧត្តមសិក្សា គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន របស់រាជរដ្ឋាភិបាល បើនិយាយជារួម; ហើយស្ថាប័នឧត្តមសិក្សារបស់អង់គ្លេស ក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងនឹងការចូលរួមចែករំលែកបទពិសោធរបស់អង់គ្លេស នៅក្នុងការកសាងសង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្មជឿនលឿន ដែលផ្អែកលើចំណេះដឹង និង ជំនាញ បើនិយាយដោយឡែក ។
ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដែលមានលក្ខណៈយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និង ចក្រភពអង់គ្លេស។សម្ដេចធិបតី ថ្លែងសាទរថា«ខ្ញុំចង់លើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយនឹងបណ្តាញធុរកិច្ចរបស់ចក្រភព-អង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំ ជាមួយនឹងទីផ្សារការងារ ។ ខ្ញុំក៏លើកទឹកចិត្តឱ្យសាកលវិទ្យា-ល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗ ទាក់ទងនឹងការ- បណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅក្នុងប្រទេស ជាមួយនឹងគំនិតនវានុវត្តន៍ ដែលនិស្សិតរបស់យើង នឹងទទួលបានពីឧត្តមភាពនៃការសិក្សាពីសាកលវិទ្យាល័យ De Montfort»។ នៅថ្ងៃអនាគត, សម្ដេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស៕
ប្រភព៖ ក្រសួងព័ត៌មាន